
រាជធានីភ្នំពេញ៖ គម្រោងវិនិយោគចំនួន១៣ ត្រូវបានក្រុមអ្នកវិនិយោគដាក់សំណើសុំចុះបញ្ជី និងពង្រីកការវិនិយោគបន្ថែម ក្នុងខេត្តចំនួន៥របស់កម្ពុជា រួមមាន កណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី។ សំណើសុំបញ្ជី និងពង្រីកគម្រោងវិនិយោគទាំង១៣ខាងលើ ត្រូវបានគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លើកយកមកប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី១២ឧសភា ឆ្នាំ២០២៥។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង១៣ មាន១ជាគម្រោងពង្រីកទីតាំងវិនិយោគថ្មីបន្ថែម លើអាជីវកម្មរ៉ែដែក ក្នុងខេត្តកំពត។ លោកលើកឡើងថា គម្រោងវិនិយោគទាំងនេះ មានទុនសរុបចូលគ្នាប្រមាណ៣១៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៧,៣ពាន់កន្លែង ក្នុងខេត្តទាំង៥ខាងលើ។

ឧស្សាហកម្ម នៅតែជាវិស័យឈានមុខគេដែលស្រូបទាញគម្រោងថ្មីនេះបាន១១គម្រោងឱ្យមកដាក់ទុន លើការផលិតឧបករណ៍ហ្គេម, ផលិតសម្ភារពីប្លាស្ទិកនិងលោហធាតុ, សម្ភារសម្រាប់សម្អាត និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារជាង សម្ភារផ្ទះបាយ និងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារលម្អក្នុងផ្ទះ, គ្រឿងអគ្គិសនី និងគ្រឿងបន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ជ្រលក់ពណ៌អំបោះ, ផលិតសម្ភារសម្រាប់បន្ទប់ទឹក និងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារ និងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ។ ចំណែក១គម្រោងទៀត ជាការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់។ ឯ១គម្រោងទៀត គឺជាគម្រោងដែលកំពុងមានស្រាប់ទៅហើយ តែអ្នកវិនិយោគស្នើពង្រីកបន្ថែម។

សូមរំឭកថា រយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២៣១គម្រោង ក្នុងទុនវិនិយោគប្រមាណ៣,៤ពាន់លានដុល្លារអាម៉េរិក។ ចំនួននេះបានកើនឡើងជាង១០០គម្រោង ស្មើនឹងជិត៩០ភាគរយ ខណៈទុនវិនិយោគកើនឡើងប្រមាណជាង៨៥៦លានដុល្លារស្មើនឹង៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕



