ពេញ១ខែឧសភា កម្ពុជាអនុម័តគម្រោងវិនិយោគ៥៩មានទុនសរុប៨១៦លានដុល្លារ
S
Soriya Sou
10 មិថុនា 2025 04:00 AM

រាជធានីភ្នំពេញ៖ ក្នុងខែឧសភាកន្លងទៅ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ៥៩គម្រោង មានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១០មិថុនា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…។

រូបតំណាង
រូបតំណាង

ចំនួននេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន៣៤គម្រោង ស្មើនឹង១៣៦ភាគរយ ខណៈទុនវិនិយោគមានការកើនឡើងជាង៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ២៣១ភាគរយ។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩ មានគម្រោងចំនួន៣៨ បានបោះទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំណែក២១គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតការងារបានសរុបប្រមាណ៤៤ពាន់កន្លែង។ យោងតាម​ CDC ក្នុងរយយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគបាន២៩០ កើនឡើង១៣៧គម្រោង ក្នុងទុនវិនិយោគចំនួន៤,២ពាន់លានដុល្លារអាម៉េរិក កើនឡើង១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹង៥២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ចំពោះខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៖ខេត្តស្វាយរៀង១៩គម្រោង ខេត្តកំពង់ស្ពឺ១៥គម្រោង ខេត្តតាកែវ៨គម្រោង កណ្ដាល៧គម្រោង រាជធានីភ្នំពេញ៦គម្រោង។ ក្រៅពីនោះមាន ខេត្តព្រះសីហនុ កំពង់ឆ្នាំង កោះកុង និង មណ្ឌលគិរី ទទួលបាន១គម្រោងស្មើគ្នា។ មិនខុសពីខែមុនៗ ប្រទេសចិន នៅតែឈរលំដាប់លេខរៀងទី១ ដែលបានដាក់ទុនច្រើនជាងគេនៅប្រទេសកម្ពុជា៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត