
រាជធានីបាងកក៖ អ្នកបើកបរតាក់ស៊ី ឬរថយន្តឈ្នួលនៅព្រលានយន្តហោះសុវណ្ណភូមិនៃប្រទេសថៃ ជាពិសេស ប្រភេទរថយន្តអេសយូវី (SUV) ធំៗ និងរថយន្តវ៉ែន (Van) បានចាប់ផ្តើមផ្អាកសេវាកម្មរបស់ខ្លួន និងបានកែសម្រួលម៉ោងផ្តល់សេវាកម្មរបស់ពួកគេ ដោយសារតែខ្លាចអស់សាំងនៅពាក់កណ្តាលផ្លូវ ហើយមិនអាចរកកន្លែងចាក់បំពេញវិញបាន...។

អ្នករត់តាក់ស៊ីរាប់ពាន់គ្រឿង បានបាត់បង់ការដឹកជញ្ជូន និងផ្អាកទទួលភ្ញៀវទេសចរ។ ទន្ទឹមនោះ សមាគមសម្របសម្រួលរថយន្តតាក់ស៊ីនៅព្រលានយន្តហោះសុវណ្ណភូមិ បានរាយការណ៍ថា ចំនួនតាក់ស៊ីដែលកំពុងដំណើរការ បានថយចុះរួចទៅហើយ ខណៈសមាគមកំពុងអំពាវនាវឱ្យរាជរដ្ឋាភិបាលចូលអន្តរាគមន៍ ដើម្បីដោះស្រាយវិបត្តិនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនេះ។ ប្រធានសមាគមសម្របសម្រួលរថយន្តតាក់ស៊ីនៅអាកាសយានដ្ឋាន បាននិយាយនៅថ្ងៃទី១៩មីនានេះថា តាក់ស៊ីដែលកំពុងប្រតិបត្តិការនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រភេទ SUV និងប្រភេទវ៉ែន បានចាប់ផ្តើមផ្អាកសេវាកម្មជាបណ្តើរៗ ដោយសារពួកគេមិនអាចរកទិញប្រេងបាន ជាពិសេសក្នុងករណីដែលអ្នកដំណើរតម្រូវឱ្យដឹកក្នុងចម្ងាយផ្លូវឆ្ងាយ។ អ្នកបើកបរបានបង្ហាញក្ដីព្រួយបារម្ភថា ពួកគេអាចនឹងអស់ប្រេងនៅពាក់កណ្តាលផ្លូវ ហើយមិនអាចរកកន្លែងចាក់បំពេញបាន ដែលកត្តានេះ អាចធ្វើឱ្យចំនួនតាក់ស៊ីនៅព្រលានយន្តហោះសុវណ្ណភូមិធ្លាក់ចុះ។

ក្នុងពេលបច្ចុប្បន្ន ក្នុងចំណោមតាក់ស៊ី៥០០០ទៅ៦០០០គ្រឿង មានតែ២៥០០គ្រឿងប៉ុណ្ណោះ ដែលនៅហ៊ានធ្វើអាជីវកម្ម ខណៈភ្ញៀវទេសចរដែលមកដល់ថៃ ត្រូវប្រឈមនឹងការរង់ចាំយូរ ឬត្រូវបានតាក់ស៊ីបដិសេធមិនព្រមដឹកទៅផ្លូវឆ្ងាយ។ ចំណែកអ្នកនៅបន្តរត់ ត្រូវបង្ខំចិត្តកាត់បន្ថយ ឬកែសម្រួលម៉ោងការងារ ដូចជាធ្វើការតែនៅពេលព្រឹក ព្រោះប្រេងពិបាករកខ្លាំងនៅពេលល្ងាច។ ពួកគេ ក៏បានជ្រើសរើសដឹកតែផ្លូវជិតៗ ព្រោះបារម្ភពីការអស់ប្រេង និងរកកន្លែងចាក់មិនបាន។ តាមពិតទៅ តាក់ស៊ីកំពុងរងផលប៉ះពាល់ មិនមែនដោយសារតម្លៃប្រេងឡើងថ្លៃនោះទេ ប៉ុន្តែគឺដោយសារការខ្វះខាតប្រេង និងមិនអាចរកកន្លែងចាក់បានតែម្ដង៕




