
រដ្ឋធានីតេហេរ៉ង់៖ សភាអ៊ីរ៉ង់ កំពុងគិតគូរធ្វើសេចក្តីស្នើច្បាប់មួយ ដើម្បីយកថ្លៃសេវា ជាថ្នូរនឹងការផ្តល់សន្តិសុខ និងសិទ្ធិដល់កប៉ាល់ក្នុងការដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្ទហ័រមូស្ស (Hormuz)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ហ្វាស (Fars) របស់អ៊ីរ៉ង់ ត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន ស្រ្តេត ថាមស៍ (Straits Times) របស់សិង្ហបុរី នៅថ្ងៃ២៦មីនា។

សមាជិកសភាម្នាក់ ថ្លែងដូច្នេះថា៖«យើង កំពុងជំរុញឱ្យមានសេចក្តីស្នើច្បាប់មួយ ដែលធ្វើឱ្យអធិបតេយ្យភាព និងការគ្រប់គ្រងរបស់អ៊ីរ៉ង់នៅច្រកសមុទ្ទហ័រមូស្ស ត្រូវបានទទួលស្គាល់ជាផ្លូវការ ហើយអាចប្រមូលថ្លៃសេវា និងរកចំណូលចូលជាតិយើងបាន»។ សូមជម្រាបថា ច្រកសមុទ្ទហ័រមូស្ស ថ្វីបើនៅជាប់ប្រទេសអ៊ីរ៉ង់ តែត្រូវបានចាត់ទុកជាច្រកអន្តរជាតិ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់អ៊ីរ៉ង់ឡើយ ដូច្នេះ ការដឹកប្រេង ឬទំនិញផ្សេងៗតាមនាវា ឆ្លងកាត់តាមច្រកនេះរាល់ដងនៅមុនពេលផ្ទុះសង្គ្រាម គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

បើអ៊ីរ៉ង់ ពិតជាបង្កើតច្បាប់ ហើយអាចយកមកអនុវត្តបានមែននោះ អ៊ីរ៉ង់នឹងមានឱកាសទទួលបានប្រាក់ចំណូលកប់ពពកជាមិនខាន តាមរយៈការបង់ពីគ្រប់នាវា ឬកប៉ាល់ ដែលឆ្លងកាត់ច្រកនេះ។ យ៉ាងណាក៏ដោយ ប្រទេសនានា ពិសេសអាម៉េរិក និងអ៊ីស្រាអែលជាសត្រូវតែម្តង ច្បាស់ជាមិនបណ្តោយឱ្យអ៊ីរ៉ង់បង្កើតច្បាប់នេះស្រួលៗឡើយ។ បើទោះជាអ៊ីរ៉ង់អាចបង្កើតច្បាប់នេះបានពិតមែន ក៏ប្រហែលជាពិបាកអនុវត្តដែរ ព្រោះអាម៉េរិកច្បាស់ជាអុកឡុកជាក់ជាមិនខាន។

ការគិតគូររបស់អ៊ីរ៉ង់ ក្នុងការកំណត់ថ្លៃសេវាលើការដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្សដ៏សំខាន់នេះ បានកើតឡើងក្នុងដំណាក់កាលសង្គ្រាម ដែលមកដល់ពេលនេះ មានរយៈពេលជិត១ខែហើយ។ សង្គ្រាមនេះ ផ្តើមឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។ ក្នុងអំឡុងសង្គ្រាម ផ្លូវសមុទ្ទហ័រមូស្សសម្រាប់នាវាដឹកប្រេងទៅកាន់ពិភពលោក ត្រូវបានបិទខ្ទប់។

នាវាណាហ៊ានឆ្លងកាត់ដោយគ្មានអនុញ្ញាតពីអ៊ីរ៉ង់ នឹងត្រូវអ៊ីរ៉ង់បាញ់កម្ទេច។ ឧទាហរណ៍ជាក់ស្តែង៖ នាវាថៃ១គ្រឿង ត្រូវបានបាញ់កម្ទេចនៅម្តុំច្រកហ័រមូស្ស ដោយសារព្រហើនហ៊ានធ្វើចរាចរណ៍ដោយគ្មានការសុំអនុញ្ញាត។ ការបិទច្រកនេះ ធ្វើឱ្យតម្លៃប្រេងតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ហក់ឡើងថ្លៃ។ បច្ចុប្បន្ន តម្លៃប្រេងជាសាកល គឺចន្លោះពី៩០ទៅ១០០ដុល្លារក្នុង១បារ៉ែល។ មុនសង្គ្រាម តម្លៃប្រេងជាសាកល គឺចន្លោះពី៦០ទៅ៧០ដុល្លារប៉ុណ្ណោះ៕



