ក្រសួងកសិកម្ម ត្រៀមបញ្ចេញពូជពោតអ៊ីប្រ៊ីដ២ប្រភេទ ឱ្យប្រជាកសិករដាំដុះ ក្រោយឆ្លងការបង្កាត់៦ឆ្នាំ
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយឆ្លងការបង្កាត់ និងបន្សុទ្ធយ៉ាងហ្មត់ចត់ ឆាប់ៗខាងមុខនេះ ក្រសួងកសិកម្មនឹងបញ្ចេញពូជពោតអ៊ីប្រ៊ីដចំនួន២ប្រភេទធន់នឹងអាកាសធាតុ ឱ្យបងប្អូនប្រជាកសិករប្រើប្រាស់សម្រាប់ការដាំដុះ…។

ថ្លែងក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការប្រភេទពូជពោត អ៊ីប៊្រីដថ្មី នៅចម្ការបង្ហាញរបស់ប្រជាកសិករ ស្ថិតនៅភូមិជីរោក្រោម១ ឃុំជីរោ១ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម ត្រៀមបញ្ចេញពូជពោតអ៊ីប្រ៊ីដ BH-3577 និង BH-4187 ឱ្យប្រជាកសិករប្រើប្រាស់នាពេលដ៏ខ្លីខាងមុខ។ លោកថា ពូជទាំងពីរនេះ ត្រូវបានសម្រិតសម្រាំងឡើងដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រើប្រាស់ធាតុចូល ដើម្បីជួយសម្រាលបន្ទុក និងបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ក្នុងស្ថានភាពដ៏លំបាក។

រដ្ឋលេខាធិការក្រសួងកសិកម្ម បន្ថែមថា ពូជពោតអ៊ីប្រ៊ីដ២ប្រភេទគឺ BH-3577 និង BH-4187 នេះ បានឆ្លងកាត់ការបង្កាត់ និងបន្សុទ្ធយ៉ាងហ្មត់ចត់អស់រយៈពេល៦ឆ្នាំ។ តាមរយៈការបង្កាត់ និងបន្សុទ្ធ រហូតដល់ការបញ្ចេញពូជពោតទាំងពីរប្រភេទនេះឱ្យប្រជាកសិករប្រើប្រាស់ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា «ខ្មែរអាចធ្វើបាន» និងមានសមត្ថភាពម្ចាស់ការលើផលិតកម្មគ្រាប់ពូជដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងលើការនាំចូល។ លោក តូច ប៊ុនហួរ សង្កត់ធ្ងន់ថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងកសិកម្ម ប្តេជ្ញាបន្តជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីធានាថាកសិករគ្រប់រូបនឹងមានជីវភាពកាន់តែប្រសើរ និងអាចឈរជើងបានយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈនៃវិបត្តិសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត