តស់..ទៅចូលរួម! បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងក្រចេះ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍...។

ពិធីបុណ្យទន្លេនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ អាចចូលរួមកម្សាន្តជាមួយសកម្មភាពមួយចំនួន ដូចជា កីឡា ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការអុជកាំជ្រួច។ ក្នុងនោះ ក៏មានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោរស្រពម្ហូបអាហារផងដែរ។ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេស ខេត្តក្រចេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹង និងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែង ជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ក្នុងខេត្តក្រចេះ។

គួរដឹងដែរថា ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងនឹងរៀបចំពិធីរាប់បាត កម្មវិធីដុតក្រឡាន ដើម្បីបង្ហាញការដឹងគុណដល់កងទ័ពខ្មែរដែលបានពលី និងកំពុងឈរជើងនៅឯសមរភូមិជួរមុខ រួមជាមួយការផ្ញើក្ដីនឹករលឹកដល់ជនភៀសសឹក ដែលត្រូវបានរត់ភៀសខ្លួនពីការឈ្លានពានរបស់យោធាថៃ។ គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាខេត្តនានា តាមដងទន្លេ។ ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅនៅខេត្តតាកែវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥៕ រាយការណ៍ដោយ៖ លោក សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត