ដើម្បីធានាសុវត្ថិភាពគ្រូ និងសិស្ស ក្រសួងអប់រំ កំពុងសាងសង់លេណដ្ឋាន តាមសាលារៀនមួយចំនួននៅខេត្តជាប់ព្រំដែនថៃ
L
Linda Sorn
2 ម៉ោងមុន

ក្រុងសំរោង៖ ក្រសួងអប់រំបាននិងកំពុងសាងសង់លេណដ្ឋាន តាមសាលារៀនមួយចំនួន ដែលមានហានិភ័យខ្ពស់ នៅខេត្តជាប់ព្រំដែនថៃ ដើម្បីការពារសុវត្ថិភាពគ្រូ និងសិស្ស ពីគ្រោះថ្នាក់ដោយសារការឈ្លានពានរបស់យោធាថៃ...។

ក្រសួងអប់រំបានឱ្យដឹងថា លេណដ្ឋានត្រូវបានសាងសង់តាមរយៈ មូលនិធិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសប្បុរសជននានា។ ក្រសួងបន្តថា លេណដ្ឋានពហុបំណង ត្រូវបានសាងសង់នៅតាមទីតាំងមួយចំនួន ក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ហើយអនុញ្ញាតឱ្យចូលទៅសាងសង់បាន។ ក្រសួងគូសបញ្ជាក់ថា៖«គម្រោងនេះ មានគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន ហើយការត្រៀមលក្ខណៈនេះ ក៏ជាផ្នែកមួយនៃការអប់រំអំពីហានិភ័យ និងការរក្សាសុវត្ថិភាពពីគ្រោះមហន្តរាយនានា ដោយបង្កប់នូវការបង្រៀនសិស្សឱ្យចេះការពារខ្លួន និងយល់ដឹងពីរបៀបឆ្លើយតបទៅនឹងស្ថានភាពអាសន្នផងដែរ»

កិច្ចការងារនេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃទី២៥មីនា ឆ្នាំ២០២៦ បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន អនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារនេះ កំពុងមានសាងសង់អគារសិក្សាចំនួន១ខ្នង មាន៥បន្ទប់ ទទួលបានការឧបត្ថម្ភថវិកាសាងសង់ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយលេណដ្ឋានចំនួន១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ។

គួរបញ្ជាក់ថា សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល២០ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យសាលារៀនចំនួន២៥ រងការខូចខាត។ ក្នុងនោះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥មីនា ឆ្នាំ២០២៦ សាលារៀនចំនួន៨ នៅខេត្តឧត្តរមានជ័យ, ៥សាលារៀន នៅខេត្តបន្ទាយមានជ័យ និង៧សាលារៀន នៅខេត្តព្រះវិហារ នៅបន្តផ្អាកនៅឡើយ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត