កម្ពុជា បោះទុន៦០លានដុល្លារពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតលើខេត្តចំនួន៥
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាហិរញ្ញប្បទានថវិកាជាតិ..។ 

ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារ​ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាត​សម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ​ ពង្រីកបណ្តាញចែកចាយ​ទឹកស្អាត​ប្រវែង៧៣៩គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន២៨៦៦០គ្រួសារ​ ដោយគ្រោង​អនុ​វត្តរយៈ​ពេល​២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។ ការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុង និងជនបទ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាននឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។

គួរជ្រាបថា ការប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ​ក្រុង​ស្វាយរៀង។ រោងចក្រទឹកស្អាតអណ្តូងតាសី ​ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ​មាន​ថវិកាសរុប​ ប្រមាណជាង ៣០លានដុល្លារ សាងសង់​ដោយក្រុមហ៊ុន ​Kubota Construction Co., Ltd. មាន​រយៈ​ពេល​សាងសង់២៣ខែ ​ពោល​គឺ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ២០២៥៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត