
រាជធានីភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅខេត្តសៀរា អស់រយៈពេល៨ថ្ងៃ ក្រសួងទេចរណ៍កម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានរួមទាក់ទងជាមួយការរៀបចំកម្មវិធី និងសមិទ្ធផលដែលទទួលបាន...។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៨ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើកជាផ្លូវការត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែមីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង២៥០០នាក់។ ក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍៩ចំណុច រំឭកដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន បងប្អូនជនរួមជាតិទាំងអស់ ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីវិស័យទេសចរណ៍កាន់តែរីចម្រើនស្របតាមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» «ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា»។

ទន្ទឹមគ្នានោះ ក្រសួងបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ដ៏សម្បូរបែបរួមមាន៖ ការតាំងពិពណ៌សមិទ្ធផល និងវិស័យទេសចរណ៍, មហោស្រពម្ហូបអាហារមេគង្គ, ការតាំងពិពណ៌ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក, ការតាំងពិពណ៌រូបភាពសត្វស្លាប និងគំនូរ, ការគូគំនូរតាមដងផ្លូវ សិល្បៈសូនរូប និងការតាំងពិពណ៌តុក្តា និងរូបភាពសហគមន៍ជាប់ទន្លេសាប, ការសំដែងទស្សនីយភាព សិល្បៈតន្ត្រីមហាជន។ ព្រមជាមួយសកម្មភាពកីឡាលក្ខណៈមហាជនដូចជា៖ ការជិះកង់កម្សាន្តលក្ខណៈមហាជន ជុំវិញបរិវេណអង្គរ និងជិះទូកកម្សាន្ត, ការប្រកួតវាយកូនហ្គោល និងកីឡាបាញ់ធ្នូជាដើម។ ក្រៅពីនោះ ក្រសួងក៏បានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនទៀតរួមមាន៖ សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អមជាមួយការប្រគល់បណ្ណសរសើរជូនដល់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប, ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប, ការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យ, ពិធីលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមេគង្គ មេគង្គបូកមួយ និងបវរកញ្ញាស្ត្រីសាកលជាច្រើនរូប ព្រមទាំងពិធីបណ្តែតកន្ទោងអបអរសាទរពិធីបុណ្យទន្លេផងដែរ។

ស្របជាមួយការរៀបចំពិធីបុណ្យទន្លេលើកទី៨នេះ ខេត្តក៏បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡារត់ប្រណាំង Raid Amazones លើកទី៤ ដោយមានកីឡាការិនីអន្តរជាតិមកពីប្រទេសនិយាយភាសាបារាំងប្រមាណជាង២៧០នាក់។ ទន្ទឹមគ្នានេះ ក៏មានការរៀបចំការប្រកួតស្ត្រីឯកនៅក្នុងកម្មវិធីស្ត្រីចក្រវាល ឆ្នាំ២០២៤ ដោយមានការចូលរួមពីបវរកញ្ញាស្ត្រីសាកលចំនួន៥៦រូប តំណាងឱ្យ៥៦ប្រទេសជុំវិញពិភពលោក។ ក្រសួងសង្កត់ធ្ងន់ថា អ្វីដែលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ នៃការរៀបចំពិធីបុណ្យទន្លេឆ្នាំ២០២៤នេះ គឺការចូលរួម កាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះបានទាក់ទាញភ្ញៀវទេសចរសរុបប្រមាណ៥៥ម៉ឺន៣ពាន់នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ៥២មឺននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ៣ម៉ឺន៣ពាន់នាក់។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល កម្មវិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ មានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ចំនួន១២ និងផ្សាយបន្តផ្ទាល់ចំនួន២៧ស្ថានីយ រួមជាមួយការផ្សាយតាមស្ថានីយផ្កាយរណប ទូរទស្សន៍អនឡាញ ស្ថានីយវិទ្យុរាជធានី-ខេត្ត និងតាមបណ្តាញសង្គម ប្រមាណជាង១៦០អង្គភាពបន្ថែមទៀត ខណៈដែលក្រសួងទេសចរណ៍ ក៏បានទទួលស្វាគមន៍ និងសម្របសម្រួល ដំណើរទស្សនកិច្ចស្វែងយល់ពីគោល ដៅទេសចរណ៍ (FAM Trip) ជូនប្រតិភូក្រុមអ្នកសារព័ត៌មាន ប្រតិបត្តិករទេសចរណ៍ និង Influencers ល្បីៗ របស់មជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Centre) មកទស្សនាគោលដៅទេសចរណ៍សំខាន់ៗ និងលេចធ្លោនៅកម្ពុជា ពិសេសផ្តិតយករូបភាព និងវីដេអូនៃព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»៕













