
ក្រុងក្រចេះ៖ យានយន្តធុនធំគ្រប់ប្រភេទទាំងអស់ នឹងមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ទីរួមខេត្តក្រចេះ រយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ថ្ងៃទី៣០មីនា ដើម្បីបញ្ចៀសការកកស្ទះក្នុងព្រឹត្តិការបុណ្យទន្លេ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៤មីនា។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងត្រូវរៀបចំឡើងនៅទីរួមខេត្តក្រចេះ ចាប់ថ្ងៃទី២៧មីនា ដល់ថ្ងៃទី២៩មីនា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន។

ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលខេត្តក្រចេះនឹងបញ្ចៀសចរាចរចំពោះយានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីរួមខេត្ត ចាប់ថ្ងៃទី២៥មីនា ដល់ថ្ងៃទី៣០មីនា។

រដ្ឋបាលខេត្តក្រចេះ ស្នើសុំការយោគយល់អាធ្យាស្រ័យពីម្ចាស់យានយន្តធន់ធំគ្រប់ប្រភេទទាំងអស់ ដែលត្រូវបង្វែរការធ្វើចរាចរណ៍ទៅតាមកំណាត់ផ្លូវជាតិលេខ៦០បេ (ខ្លាស្ទុះ-បុសលាវ) វិញ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕



