បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាបស្រូបទាញភ្ញៀវទេសចរបានជាង៥៥ម៉ឺននាក់
អុន សម្ផស្ស
18 មីនា 2024 04:00 AM

ខេត្តសៀមរាប៖ រយៈពេល០៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី៨ ពោលគឺគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៅខេត្តសៀមរាប បានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៥៥៣ ៧៩៤នាក់ ទៅលេងកម្សាន្តប្រកបដោយភាពសុខសុវត្ថិភាព។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍កម្ពុជា បង្ហាញនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរជាង ៥៥ម៉ឺននាក់នោះ មានទេសចរជាតិប្រមាណ ៥២០ ០០០នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ប្រមាណ ២៨១ ០០០នាក់ និងទេសចរបរទេសប្រមាណ ៣៣ ៧៧០នាក់។ ក្រសួងបញ្ជាក់បន្ថែមថា ក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេក្នុងខេត្តស្ថិតនៅក្បែរបឹងទន្លេសាបមួយនេះ ឆក់យកបេះដូងភ្ញៀវទេសចរចូលរួមប្រមាណ ១៦០ ២៧២នាក់ ក្នុងនោះទេសចរជាតិ ១៥០ ០០០នាក់ និងទេសចរបរទេសប្រមាណ ១១ ២៧២ នាក់។ ដោយឡែកនៅថ្ងៃទី២ នៃពិធីបុណ្យខេត្តទទួលបានភ្ញៀវទេសចរចូលកម្សាន្ត ២៩៦ ២៧៩នាក់ ពោលមានការកើនឡើងបើធៀបទៅនឹងថ្ងៃទី១នៃពិធីបុណ្យ។ ជាក់ស្តែងមានទេសចរជាតិប្រមាណ ២៨៥ ០០០នាក់ ពលរដ្ឋក្នុងខេត្តប្រមាណ ១៥៨ ០០០នាក់ និងទេសចរបរទេសប្រមាណ ១១ ២៥៥ នាក់ផងដែរ។ រីឯនៅថ្ងៃបញ្ចាប់នៃពិធី ភ្ញៀវទេសចរមានការថមថយទៅវិញបើប្រៀបនឹងថ្ងៃទី១ និងទី២ ពោលគឺមានទេសចរសរុបប្រមាណ ៩៦ ២៤៣នាក់ ទេសចរជាតិប្រមាណ ៨៥ ០០០នាក់ ឯទេសចរបរទេសមានចំនួន ១១ ២៤៣ នាក់

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ក្នុងឆ្នាំនេះត្រូវបានប្រកាសបើកព្រមគ្នាជាមួយយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅខេត្តសៀមរាប។ គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

គួររំឭកថា ព្រឹត្តិការណ៍បុណ្យទន្លេត្រូវបានរៀបចំនួន៧លើករួចមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង។ ចំណែកឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ រីឯឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល ឆ្នាំ២០១៩ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺឆ្នាំ២០២១ និងឆ្នាំ២០២២។ ចំណែកឯឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ ក៏ត្រូវរៀបចំឡើងនៅខេត្តកំពង់ធំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត