
ខេត្តតាកែវ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេ ប្រារព្ធធ្វើឡើងនៅក្នុងទឹកដីខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តសរុបជាង៣៥ម៉ឺននាក់...។

របាយការណ៍របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២៥ បានឱ្យដឹងថាការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត នៅថ្ងៃទី១ប្រមាណជាង១០ម៉ឺននាក់, ថ្ងៃទី២ជាថ្ងៃបើកពិធីជាផ្លូវការក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១១ម៉ឺននាក់ ចំណែកថ្ងៃទី៣ជាថ្ងៃបិទបញ្ចប់ទទួលបានប្រមាណជាង១៤ម៉ឺននាក់បន្ថែមទៀត ធ្វើឱ្យចំនួនភ្ញៀវទេសចរសរុបមានជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានជាង១ពាន់នាក់។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩នេះ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។ គួរជម្រាបថា បន្ទាប់ពីខេត្តតាកែវ ខេត្តពោសាត់ នឹងក្លាយជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦៕




