
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកកំពុងសម្រេចបានវឌ្ឍនភាពក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ រួមទាំងទទួលបានកាដូរដ៏សំខាន់មួយពីរដ្ឋធានីតេហេរ៉ង់ ខណៈដែលប្រភពព័ត៌មានបានបញ្ជាក់ថា វ៉ាស៊ីនតោន បានផ្ញើសេចក្តីដោះស្រាយជម្លោះចំនួន១៥ចំណុចទៅកាន់អ៊ីរ៉ង់រួចរាល់ហើយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា សហរដ្ឋអាម៉េរិកកំពុងពិភាក្សាជាមួយមនុស្សដែលត្រឹមត្រូវនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់អរិភាព ដោយលោកបន្ថែមថា ភាគីអ៊ីរ៉ង់ចង់សម្រេចបាននូវកិច្ចព្រមព្រៀងនេះខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋធានីតេហេរ៉ង់បានបដិសេធថា មិនមានការចរចាដោយផ្ទាល់ជាមួយអាម៉េរិកបានកើតឡើងនោះទេ។ ប្រធានសភាដ៏មានអំណាចរបស់អ៊ីរ៉ង់ លោក ម៉ូហាម៉ាត បាគើ កាលីបាហ្វ (Mohammad Baqer Qalibaf) បានច្រានចោលរបាយការណ៍ទាំងនេះថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែ កាសែត The New York Times បានរាយការណ៍ថា ផែនការ១៥ចំណុចរបស់អាម៉េរិក រួមមានការរុះរើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ និងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានផ្សាយថា អាម៉េរិកកំពុងស្វែងរកការឈប់បាញ់គ្នារយៈពេលមួយខែ ដើម្បីពិភាក្សាលើផែនការនេះ។

លោក ត្រាំ បានបង្ហើបថា អ៊ីរ៉ង់បានធ្វើសម្បទានដ៏មានតម្លៃទាក់ទងនឹងថាមពលមិនមែននុយក្លេអ៊ែ និងច្រកសមុទ្ទហ័រមូស្ស ដែលលោកចាត់ទុកថាជាកាដូដ៏ធំ និងមានតម្លៃមហាសាល។ យោងតាមកំណត់សម្គាល់របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា នាវាដែលមិនមានបំណងបង្កអរិភាព អាចឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សបាន ប្រសិនបើពួកគេមានការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់។ ច្រកផ្លូវទឹកនេះត្រូវបានបិទជិតអស់រយៈពេល៤សប្តាហ៍មកហើយ ចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ ដែលបង្កឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។

ទោះបីជាមានសញ្ញានៃការចរចាក៏ដោយ ក៏ការវាយប្រហាររវាងភាគីទាំងបីនៅតែបន្តកើតមាន ហើយវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតពីកងពលទ័ពអាកាសលេខ៨២ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងកម្លាំងដែលមានស្រាប់ចំនួន៥ម៉ឺននាក់។ ក្នុងកាលៈទេសៈដ៏តានតឹងនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារិហ្វ (Shehbaz Sharif) បានប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយ ដែលអាចនឹងកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ទៀត ប្រសិនបើគ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការ៕




