ត្រាំប្រាប់ពិភពលោកថា កំពុងចរចារកសន្តិភាពជាមួយអ៊ីរ៉ង់ តែបន្តបញ្ចេញទ័ពឆត្រយោង១ពាន់នាក់បន្ថែមទៀត
N
Nary Vann
18 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក កំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងគំហុកនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយត្រៀមបញ្ជូនកងទ័ពឆត្រយោងយ៉ាងហោចណាស់១ពាន់នាក់បន្ថែមទៀត ពីកងពលទ័ពអាកាសលេខ៨២ (82nd Airborne Division) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដែលដឹងពីផែនការកងទ័ពដ៏រសើបនេះ បានឱ្យដឹងថា ការដាក់ពង្រាយកងទ័ពថ្មីនេះ កើតឡើងបន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជូនកងម៉ារីនរាប់ពាន់នាក់តាមនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់នោះ កាលពីសប្តាហ៍មុន។ ខណៈកងម៉ារីនត្រូវបានបណ្ដុះបណ្ដាលសម្រាប់បេសកកម្មគាំទ្រស្ថានទូត ការជម្លៀសជនស៊ីវិល និងការសង្គ្រោះគ្រោះមហន្តរាយ កងទ័ពឆត្រយោងនៃកងពលលេខ៨២ គឺជាកម្លាំងពិសេសដែលជំនាញខាងលោតឆត្រយោងចូលទៅក្នុងដែនដីសត្រូវ ឬតំបន់ដែលមានជម្លោះខ្លាំង ដើម្បីវាយដណ្តើមយកទីតាំងយុទ្ធសាស្ត្រ និងព្រលានយន្តហោះសំខាន់ៗ។

ការបញ្ជូនកម្លាំងវាយប្រហារដ៏មានឥទ្ធិពលនេះ បង្ហាញពីការត្រៀមលក្ខណៈរបស់សហរដ្ឋអាម៉េរិកសម្រាប់សេណារីយ៉ូសង្គ្រាមទ្រង់ទ្រាយធំ និងការការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន ចំពេលភាពតានតឹងជាមួយអ៊ីរ៉ង់កំពុងឡើងដល់ចំណុចកំពូល។ វត្តមានកងទ័ពឆត្រយោងជំនាញវាយលុកនៅក្បែរតំបន់ជម្លោះ គឺជាសញ្ញាព្រមានយ៉ាងខ្លាំងក្លាមួយទៅកាន់រដ្ឋធានីតេហេរ៉ង់ ខណៈពិភពលោកកំពុងតាមដានមើលថា តើការចរចាផែនការសន្តិភាព១៥ចំណុចរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក អាចទទួលបានជោគជ័យ ឬក៏សមរភូមិនឹងកាន់តែរីករាលដាលខ្លាំងជាងមុន។ គេឮលោក ត្រាំ ប្រកាសចរចាជាមួយអ៊ីរ៉ង់​ តែគេក៏ឃើញលោក ត្រាំ បន្ថែមកងទ័ពចូលទៅក្នុងសមរភូមិសង្គ្រាមផងដែរ។ ចំណែកភាគីអ៊ីរ៉ង់វិញ បានច្រានចោលថា គ្មានកិច្ចចរចាស្អីជាមួយអាម៉េរិកនោះទេ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត