
រាជធានីភ្នំពេញ៖ មន្រ្តីស្ថាប័នគយ និងACU៤រូប និងជនស៊ីវិល៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីជាន់ខ្ពស់នៃស្ថាប័ន ACU រកឃើញថា បានគប់គិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់លើករណីពីរផ្សេងគ្នា ដែលបានធ្វើនៅរាជធានីភ្នំពេញ និងខេត្តកោះកុង...។

តាមរយៈសេចក្ដីប្រកាសជូនដំណឹង ស្ដីពីកិច្ចប្រជុំលើកទី៨ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ស្ថាប័នប្រឆាំងអំពើពុករលួយ ឬACU បានបើកការស៊ើបអង្កេតលើសំណុំរឿង រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ រហូតឈានដល់ការចាប់ខ្លួនមនុស្ស៣នាក់ ក្នុងនោះ មាន២នាក់ជាមន្ត្រីស្ថាប័នប្រឆាំងអំពើពុករលួយ និងម្នាក់ទៀតសមគំណិត។ អ្នកទាំងបីមានឈ្មោះដូចជា៖ ឈ្មោះ ជឹម អូន មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម និងឈ្មោះ ភេន រចនា មន្រ្តីនៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ខណៈម្នាក់ទៀតឈ្មោះ ជឹម សុខជឿន (ជាជំនួយការឈ្មោះ ជឹម អូន)។

ជាមួយគ្នា អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបន្តស៊ើបអង្កេតស្រាវជ្រាវ ករណីអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បី ល្បាញ ចាប់ឡានដឹកទំនិញមិនរើស សូម្បីតែទំនិញមានពន្ធ ឬគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ ដោយបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពីបទសមគំនិត ក្នុងការសម្អាតប្រាក់ ដែលរួមមាន៖ ទី១-ឈ្មោះ ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង, ទី២-ឈ្មោះ ម៉ៅ ទិត្យា បុគ្គលិកជាប់កិច្ចសន្យា, ទី៣-ឈ្មោះ ផល ដុល្លារ ជាបុគ្គលិកធនាគារ, និងទី៤-ឈ្មោះ ពត ស្រីនាង ជាស្ត្រីមេផ្ទះ (អ្នកទាំង២ជាប់សង្ស័យពីបទសមគំនិត ក្នុងការសម្អាតប្រាក់)។ បច្ចុប្បន្ន ជនជាប់ចោទក្នុងសំណុំរឿងទាំង២ខាងលើ ត្រូវបានមន្ត្រីជំនាញនៃស្ថាប័នបោសសម្អាតអំពើពុករលួយ បញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីកាត់ក្ដី និងផ្តន្ទាទោស រួចរាល់ហើយដែរ៕








