
រាជធានីភ្នំពេញ៖ យោងតាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ថៃមិនអាចប្រើហេតុផលណាមួយជាលេស ដើម្បីលុប MoU ឆ្នាំ២០០០ ជាមួយកម្ពុជាបានឡើយ។ នេះបើតាមការបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី២៦មីនា ឆ្នាំ២០២៦…។

ការបំភ្លឺរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ផ្សព្វផ្សាយព័ត៌មានដែលបានលើកពីហេតុផល និងអនុសាសន៍ស្នើលុប MoU ៤៣ (M0U ឆ្នាំ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះហេតុផល និងអនុសាសន៍ស្នើលុប MoU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផល ដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរ កម្ពុជា-ថៃ នាពេលកន្លងមក។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឱ្យដឹងបន្តថា MoU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជី និងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ MoU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគី ពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរ កម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC។

អ្នកនាំពាក្យអះអាងថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងប៉ែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។ ជារួម ការលុប MoU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។

អ្នកនាំពាក្យប្រកាសជាថ្មីថា ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចរាល់ ដើម្បីបន្តជំរុញការអនុវត្តការងារ វាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរ ក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕





