ចម្ងល់មហាជន៖ សកម្មភាពបុគ្គល មាស សារ៉ា ត្រឹមតែការអប់រំរបស់ក្រសួង ឬគួរចាត់វិធានការពិន័យបញ្ចប់អាជីព?
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក មាស សារ៉ា ដែលបានចុះទៅថតវីដេអូនារីៗ ឈរនៅម្តុំផ្លូវវេងស្រេង ជាមួយនឹងការធ្វើសេចក្តីរាយការណ៍ចំអកឡកឡាយ មិនឱ្យតម្លៃ និងសេចក្តីថ្លៃថ្លូររបស់ស្ត្រី ធ្វើឱ្យផ្ទុះការវែកញែក និងមិនពេញចិត្តពីសាធារណជនជាច្រើន។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានថ្លែងប្រាប់ SBM News ថា ករណីខាងលើ ក្រសួងនឹងពិនិត្យវីដេអូនោះ ហើយនឹងកោះអញ្ជើញបុគ្គលជាអ្នកសារព័ត៌មាន មកធ្វើការសាកសួរផងដែរ...។

លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង 
លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង 

តាមរយៈវីដេអូ លោក មាស សារ៉ា បានចុះទៅថតទាំងដែលស្ត្រីទាំងនោះមិនពេញចិត្ត និងគ្មានការអនុញ្ញាត ដោយពួកនាងៗបាននាំគ្នារត់គេចចេញពីកាមេរ៉ា ប៉ុន្តែលោកនៅតែបន្តថត ថែមទាំងរាយការណ៍លាយឡំជាមួយពាក្យសម្តី សើចសំអក ទៅកាន់ស្ត្រីទាំងនោះ។ ក្រោយមានការមិនពេញចិត្ត និងរិះគន់ពីមហាជន បុគ្គលរូបនេះ ក៏បានចេញវីដេអូសុំទោសសាធារណជន ចំពោះកំហុសខុសឆ្គងដែលបានប្រព្រឹត្តិ។ ទោះយ៉ាងណា ថ្លែងប្រាប់អង្គភាពសារព័ត៌មាន ​SBM News កាលពីថ្ងៃទី២៥មីនា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ ចាត់ទុកទង្វើដែលបង្ហាញក្នុងវីដេអូខាងលើ មិនមែនជាសកម្មភាពអ្នកសារព័ត៌មានអាជីពឡើយ តែជាទង្វើខ្វះសេចក្តីថ្លៃថ្នូរ ហើយការសើចចំអកឡកឡាយ និងការប្រើកាយវិការមិនសមរម្យទៅលើប្រភពព័ត៌មាន ឬពលរដ្ឋ ដែលកំពុងរស់នៅតាមភាពប្រក្រតី គឺជាការបាត់បង់តម្លៃក្នុងនាមជាអ្នកផ្តល់ព័ត៌មាន

 លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន
 លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន

លើសពីនេះ លោកមើលឃើញថា ជាទង្វើមិនគោរពសិទ្ធិបុគ្គល និងឯកជនភាពរបស់អ្នកដទៃ ព្រោះការដេញតាមថត និងបង្ខំសាកសួរអ្នកដែលព្យាយាមគេចចេញពីកាមេរ៉ា គឺជាការរំលោភលើសិទ្ធិសេរីភាពបុគ្គលយ៉ាងធ្ងន់ធ្ងរ។ លោកសង្កត់ធ្ងន់ថា៖«ទង្វើបែបនេះ អាចបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបង្កការភ័យខ្លាចឱ្យមានភាពចលាចល និងរំខានដល់ប្រក្រតីភាពប្រចាំថ្ងៃ។ ទង្វើរបស់បុគ្គលមួយចំនួនតូច ជះផលអវិជ្ជមានដល់វិស័យសារព័ត៌មាន ប៉ះពាល់ដល់គុណតម្លៃអ្នកមានវិជ្ជាជីវៈអាជីព និងអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន ព្រោះអាចបង្កការយល់ច្រឡំ ថាអ្នកសារព័ត៌មាន គឺជាអ្នកបង្កបញ្ហា ជាជាងអ្នកផ្តល់ព័ត៌មាន ឬរាយការណ៍ការពិត»។ លោកគូសបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពិនិត្យករណីនេះ ហើយក្រសួងក៏នឹងកោះអញ្ជើញបុគ្គលក្នុងវីដេអូនោះ មកធ្វើការសាកសួរ អប់រំ និងតម្រង់ទិសបន្ថែម ពិសេស ដើម្បីធានាថាសកម្មភាពរបស់ លោក មាស សារ៉ា អនុលោមតាមច្បាប់ និងក្រមសីលធម៌ជាធរមាន មិនបង្កការរំខាន ឬផលអវិជ្ជមានណាមួយជាយថាហេតុជាសាធារណៈ នៅពេលខាងមុខ។

លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង
លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង

លោក ទេព អស្នារិទ្ធ បន្តថា ទាំងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ឬពលរដ្ឋផ្តល់ព័ត៌មាន ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពច្បាប់ និងក្រមសីលធម៌ស្របតាម ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នករាយការណ៍ព័ត៌មាន ត្រូវយល់ឱ្យបានច្បាស់អំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងត្រូវគោរពសិទ្ធិអ្នកដទៃ និងចូលរួមរក្សា លើកកម្ពស់គុណតម្លៃសារព័ត៌មាន។ គួរបញ្ជាក់ថា លោក មាស សារ៉ា គឺជាអតីតអ្នកសារព័ត៌មាននៅអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី ដែលត្រូវបានក្រសួងព័ត៌មានបិទឈប់ឱ្យដំណើរការ កាលពី​ខែ​សីហា ឆ្នាំ​២០២៥​។ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា បណ្ណសម្គាល់អ្នកសារព័ត៌មានរបស់ លោក មាស សារ៉ា ក៏ត្រូវបានបញ្ចប់សុពលភាព កាលពីខែសីហា ឆ្នាំ២០២៥ ដែរ។ បច្ចុប្បន្ន លោក បាន​ធ្វើការនៅ​ស្ថាប័នឈ្មោះ ​BNP Daily News។ ទោះយ៉ាងណា មហាជនបានលើកឡើងជាសំនួរថា តើក្រសួងមានចំណាត់ការត្រឹមតែអប់រំម្តងហើយម្តងទៀតបែបនេះ ឬគួរមានវិធានការច្បាប់លើបុគ្គលគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាននេះ?...៕

លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង
លោក មាស សារ៉ា បានចុះទៅថតវីដេអូស្រ្តីៗឈរនៅម្តុំផ្លូវវេងស្រេង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត