
រាជធានីភ្នំពេញ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន៥ រួមមាន បាត់ដំបង កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងព្រមៗគ្នា អំពីអាកាសធាតុដែលនឹងឡើងកម្ដៅខ្លាំង ចាប់ពីថ្ងៃទី២៦មីនា ដល់ថ្ងៃ៧មេសា ឆ្នាំ២០២៦។

មន្ទីរធនធានទឹកគ្រប់ខេត្តទាំង៥ សុទ្ធតែអំពាវនាវឱ្យសាធារណជនយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីអាកាសធាតុដែលមានរលកកម្ដៅ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុទៅលើមនុស្ស សត្វ រុក្ខជាតិ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។ ការព្យាករ បង្ហាញថា ដោយសារកម្រិតសម្ពាធខ្ពស់ថេរ និងរំហូរខ្យល់ខ្សោយបណ្ដាលឱ្យមានកម្ដៅខ្លាំង ដូច្នេះ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ អាចមានកម្តៅនឹងហក់ឡើងចន្លោះពី៣៧អង្សាសេ ទៅដល់៤១អង្សាសេ ហើយដោយឡែក ខេត្តព្រះវិហារ អាចមានកម្តៅនឹងហក់ឡើងចន្លោះពី៣៨អង្សាសេ ទៅដល់៤២អង្សាសេ។

សូមរំឭកថា ដោយផ្អែកទៅលើបាតុភូតសកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពរដូវប្រាំងឆ្នាំ២០២៦ បានចូលមកដល់ចាប់ពីខែមករាមក ខណៈក្រសួងធនធានទឹកអំពាវនាវ ឱ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ជាពិសេស តំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក ព្រោះការប្រែប្រួលអាកាសធាតុសកល និងការកើនឡើងកម្ដៅនៃភពផែនដី ធ្វើឱ្យកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង៕




