
រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង នៅថ្ងៃពុធទី១១ ខែមីនានេះ បានប្រកាសគាំទ្រជម្រើសរបស់ប្រជាជនអ៊ីរ៉ង់យ៉ាងពេញទំហឹង ចំពោះមេដឹកនាំកំពូលថ្មី លោក ម៊ុចតាបា ខាមេណី (Mojtaba Khamenei) ដែលត្រូវបានតែងតាំងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបន្តតំណែងឪពុករបស់លោក ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបើកឆាកដំបូងរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងរបបរដ្ឋធានីតេហេរ៉ង់...។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានអះអាងផងដែរថា ខ្លួនថ្កោលទោសយ៉ាងដាច់អហង្កាចំពោះអំពើឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល តាមរយៈការវាយប្រហារខុសច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងបំផ្លាញសន្តិភាព និងបង្កើនអស្ថិរភាពនៅទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA។ KCNA បានស្រង់សម្តីអ្នកនាំពាក្យរូបនេះថា៖«ពាក់ព័ន្ធនឹងការប្រកាសជាផ្លូវការនាពេលថ្មីៗនេះ ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ បានជ្រើសរើសមេដឹកនាំថ្មីនៃឆ្មាំបដិវត្តន៍ឥស្លាម។ យើងគោរពសិទ្ធិ និងគាំទ្រជម្រើសរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ»។

អ្នកនាំពាក្យកូរ៉េខាងជើងបន្តថា៖«យើងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះអំពើឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់ និងមូលដ្ឋានគ្រឹះសន្តិសុខ ព្រមទាំងបង្កើនអស្ថិរភាពនៅទូទាំងពិភពលោក ដែលបើកការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់»។ គេនៅចាំបានថា កាលពីថ្ងៃទី១ ខែមីនា កូរ៉េខាងជើងបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ថាជាទង្វើបែបក្រុមទំនើង ប៉ុន្តែយ៉ាងណា រដ្ឋធានីព្យុងយ៉ាងមិនបានរិះគន់ចំៗទៅលើប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ នោះឡើយ។

សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៣ កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានគេស្គាល់ថា មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ខណៈរដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីតេហេរ៉ង់ ក៏បានផ្តល់អាវុធដល់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ៕



