គីម ជុងអ៊ុន បណ្តើរកូនស្រីចុះពិនិត្យការបាញ់សាកល្បងរ៉ុក្កែតយក្ស ចំពេលអាម៉េរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធ
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន អមដំណើរដោយកូនស្រីរបស់លោក បានចុះពិនិត្យការបាញ់សាកល្បងគ្រាប់ពិតនៃប្រព័ន្ធបាញ់រ៉ុក្កែតច្រើនដើម ដែលត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង...។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមការ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី១៥ ខែមីនានេះថា ការធ្វើសមយុទ្ធនេះ មានការចូលរួមពីគ្រឿងចក្របាញ់រ៉ុក្កែត ដែលមានភាពជាក់លាក់ខ្ពស់ចំនួន១២គ្រឿង នៅឯឆ្នេរសមុទ្ទភាគខាងកើត។ កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានចាប់សញ្ញានៃការបាញ់មីស៊ីលបាលីស្ទីកប្រហែល១០គ្រាប់ ចេញពីតំបន់រដ្ឋធានីព្យុងយ៉ាង សំដៅទៅកាន់សមុទ្ទខាងកើត។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានថ្កោលទោសសកម្មភាពនេះ ថាជាការឌឺដង និងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាមឃាត់រាល់សកម្មភាពមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង។

លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រព័ន្ធអាវុធនេះ មានសមត្ថភាពបាញ់បានចម្ងាយ៤២០គីឡូម៉ែត្រ អាចកម្ទេចរាល់ហេដ្ឋារចនាសម្ព័ន្ធយោធារបស់សត្រូវនៅក្នុងរង្វង់ប្រតិបត្តិការបានទាំងស្រុង។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖«ប្រសិនបើអាវុធនេះ ត្រូវបានប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់គូប្រជែងដែលស្ថិតក្នុងរង្វង់នៃការបាញ់ នឹងមិនអាចរស់រានមានជីវិតបានឡើយ»។ មេដឹកនាំរូបនេះ ចង់ឱ្យសត្រូវ (សំដៅលើកូរ៉េខាងត្បូង និងកងទ័ពអាម៉េរិក) យល់កាន់តែច្បាស់អំពីអានុភាពបំផ្លិចបំផ្លាញនៃអាវុធនុយក្លេអ៊ែរតាក់ទិករបស់កូរ៉េខាងជើង។

អ្នកជំនាញបានកត់សម្គាល់ថា ប្រព័ន្ធបាញ់រ៉ុក្កែតខ្នាតយក្សរបស់កូរ៉េខាងជើងនេះ ធ្វើឱ្យបន្ទាត់ខណ្ឌចែករវាងកាំភ្លើងធំ និងមីស៊ីលបាលីស្ទីក កាន់តែស្រពិចស្រពិល ដោយសារវាមានកម្លាំងរុញច្រានផ្ទាល់ខ្លួន និងមានប្រព័ន្ធនាំផ្លូវក្នុងពេលហោះហើរ ហើយកូរ៉េខាងជើង ក៏ធ្លាប់អះអាងថា វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង។ ការបាញ់រ៉ុក្កែតខ្នាតយក្សនេះ កើតឡើងស្របពេលសមយុទ្ធរួមគ្នា «Freedom Shield» រវាងអាម៉េរិក និងកូរ៉េខាងត្បូង កំពុងដំណើរការរហូតដល់ថ្ងៃទី១៩ ខែមីនា ជាព្រឹត្តិការណ៍ដែលកូរ៉េខាងជើងតែងចាត់ទុកថា ជាការហាត់សមឈ្លានពាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត