
ខេត្តរតនគិរី៖ ជម្លោះព្រំដែនថៃឈ្លានពាន រំលោភកាន់កាប់ព័ទ្ធយកភូមិឋានពលរដ្ឋខ្មែរតាមបណ្តោយព្រំដែន ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បន្តអះអាងជាថ្មីនៅថ្ងៃទី២៤មីនា ឆ្នាំ២០២៦ថា វាជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាល កំពុងបន្ដទាមទារយកត្រឡប់មកវិញជាដាច់ខាត...។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមទាំងយន្ដការនានាទាំងកម្រិតតំបន់ អាស៊ាន និងអន្តរជាតិ។ លោកសង្កត់ធ្ងន់ប្រាប់អង្គសិក្ខាសាលាដូច្នេះថា៖«បញ្ហាទឹកដី គឺជារឿងអាយុជីវិតសំខាន់បំផុតសម្រាប់ជាតិ ដែលរាជរដ្ឋាភិបាលកំពុងបន្ដទាមទារយកត្រឡប់មកវិញជាដាច់ខាត ពីការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ»។ លោកទេសរដ្ឋមន្រ្តី អំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុង ដើម្បីការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់។

គួរជ្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗចំនួន៦០លើក ប្រឆាំងនឹងការរំលោភបំពានយ៉ាងច្រើនរបស់ភាគីថៃ។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថែមទាំងបានទៅបំពេញបេសកកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជួបពិភាក្សាទ្វេភាគីផ្សេងៗចំនួន២៩ជំនួប ប្រាប់ពីស្ថានភាពពិតជាក់ស្តែងនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា៕






