
រាជធានីបាងកក៖ ក្រោយកូនទាហានថៃជាន់មីនផ្ទុះដាច់ជើងនៅតំបន់ព្រំដែន អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបង្ហើបថា លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះទៅពិនិត្យប្រតិបត្តិការរបស់កងវរសេនាតូចថ្មើរជើងលេខ១១ ដែលអមដំណើរដោយ លោក ណាត់ថៈពល ណាក់ផានិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក អាឌុល ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើតាមកគេហទំព័ររបស់រាជរដ្ឋាភិបាលថៃ។

ស្របស្ថានការណ៍កំពុងឡើងកម្តៅ ដោយសារស្នាដៃភាគីថៃ ស្រាប់តែលោក អានុទីន បានធ្វើដំណើរដើម្បីសួរសុខទុក្ខ និងផ្តល់ការគាំទ្រយោធាយ៉ាងពេញទំហឹង។ ទន្ទឹមគ្នានេះ លោកក៏បានបញ្ជាក់ជាថ្មីថា៖«យើងនឹងមិនបោះបង់ចោលគ្នាទេ។ យើងនឹងមិនបោះបង់ទឹកដីទេ។ សូមរក្សាការប្តេជ្ញាចិត្ត និងផ្តល់អាទិភាពដល់សុវត្ថិភាពទាំងអស់គ្នា។ នាយករដ្ឋមន្ត្រី បានធានាចំពោះរាជរដ្ឋាភិបាលថា បញ្ហាទាំងអស់នឹងត្រូវដោះស្រាយឱ្យបានហ្មត់ចត់ និងឆាប់រហ័ស»។ គួរជម្រាបថា លោក អានុទីន ចុះទៅសួរសុខទុក្ខយោធានេះ មិនមែនគ្រោងឯកសណ្ឋានធម្មតានោះទេ ពោលគឺលោកបានពាក់ឈុតពិសេសរបស់យោធាថៃ ឬ(ហៅម្យ៉ាងថា ឈុតសម្រាប់ធ្វើសង្គ្រាម ឬឈុតសឹក)។ នេះបង្ហាញយ៉ាងច្បាស់អំពីចេតនាទុច្ចរិតរបស់ភាគីថៃ ក្នុងបំណងយកលេសកូនទាហានជាន់មីនដាច់ជើង មកវាយប្រហារ ឬបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មី។

ស្ថានការណ៍ព្រំដែនកំពុងក្រឡាប់ចក្រ និងកាន់តែស្មុគស្មាញ ក្រោយលោក អនុទីន ឆានវីរគុល ចេញសេចក្តីប្រកាសដោយមិនខ្វល់ពីផលអវិជ្ជមានថា«កិច្ចព្រមព្រៀងសន្តិភាពចប់ហើយ» នាថ្ងៃទី១១ ខែវិច្ឆិកា។ អ្វីដែលនាំឱ្យស្ថានការណ៍ព្រំដែនកាន់តែផុយស្រួយនោះគឺ លោកបានប្រកាសដោយមិនរអារថា ថៃមិនអនុវត្តផែនការ៤ចំណុចនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពតទៅទៀតទេ ខណៈផែនការទាំង៤ ចំណុចនោះរួមមាន៖ ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីន ការបង្ក្រាបការឆបោកតាមអនឡាញ និងការគ្រប់គ្រង់តំបន់់ព្រំដែន។

ទាំងនេះបង្ហាញឱ្យឃើញថា ពន្លឺសន្តិភាពព្រំដែនរវាងកម្ពុជា-ថៃ បានស្រអាប់ទៅវិញ ក្រោយយោធាថៃ ដើរជាន់មីនផ្ទុះដាច់ជើងនៅព្រំដែនទល់មុខប្រាសាទព្រះវិហារ ដែលជាលើកទី៧ នៃការដើរជាន់មីនខ្លួនឯង។ លេសដដែលៗនេះហើយ ធ្វើឱ្យភាគីថៃ ហ៊ានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដោយឯតោភាគី និងបញ្ជាឱ្យយោធាត្រៀមខ្លួនប្រយុទ្ធ ស្របពេលពួកគេ ក៏បានបញ្ជូនអាវុធធន់ធ្ងន់ទៅកាន់ព្រំដែនវិញ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ភាគីថៃមិនគោរពកិច្ចព្រមព្រៀង ដែលមានសហរដ្ឋអាម៉េរិក និងប្រធានអាស៊ានជាសាក្សីនោះទេ ហើយក៏កំពុងប្រើលេសនេះ ដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងមហិច្ឆតាឈ្លានពាន។ ដោយឡែក ភាគីកម្ពុជាតែងតែគោរពកិច្ចព្រមព្រៀងសន្តិភាព អនុវត្តផែនការដែលភាគីថៃស្នើសុំ និងគ្មានបំណងចង់បានអ្វីក្រៅតែពី «សន្តិភាព»៕







