
រាជធានីបាងកក៖ នានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តនគររាជសីមា លោក រៈវីន ថ្នមសិង្ហ (ระวิน ถนอมสิงห์) មេបញ្ជាការនៃបញ្ជាការដ្ឋានគ្រប់គ្រងប្រតិបត្តិការដែនអាកាសរបស់ថៃ (AOCC) និងជាអតីតអ្នកបើកយន្តហោះចម្បាំងផងដែរនោះ បានធ្វើដំណើរទៅត្រួតពិនិត្យ និងវាយតម្លៃពីការត្រៀមខ្លួននៃប្រតិបត្តិការហោះហើរនូវយន្តហោះចម្បាំង F-16។ នេះបើតាមកាសែតថៃខាវសដ...។

លោក រៈវីន ថ្នមសិង្ហ ក៏បានចូលរួមហោះហើរក្នុងការត្រៀមប្រយុទ្ធរបស់យន្តហោះចម្បាំង F-16 ផងដែរ ដើម្បីត្រៀមខ្លួនបំពេញបេសកកម្មគ្រប់ស្ថានការណ៍ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ ស្របតាមគោលបំណងរបស់អគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃ ក្នុងបេសកកម្មការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។ គួរជម្រាបថា សម្តីដ៏ក្រអើតក្រទមរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានគ្រប់គ្រងប្រតិបត្តិការដែនអាកាសរបស់ថៃនេះ កំពុងបង្ហាញពីចេតនាយ៉ាងច្បាស់ក្រឡែត អំពីគំនិតត្រៀមខ្លួនឈ្លានពានកម្ពុជា តាមដែនអាកាសសាជាថ្មី។

គេនៅចាំបាន ភ្នក់ភ្លើងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជារយៈពេល៥ថ្ងៃកន្លងទៅ ថៃមិនត្រឹមតែបានប្រើប្រាស់កងទ័ពជើងគោកឈ្លានពានមកលើកម្ពុជាទេ ប៉ុន្តែគ្រានោះ ថៃបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗ បំពាក់ដោយគ្រាប់បែកមកវាយប្រហារ និងទម្លាក់សង្គ្រប់លើទីតាំងយោធា សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ ភូមិឋាន និងផ្ទះសម្បែងប្រជាជនស៊ីវិលកម្ពុជា។ អ្វីដែលគួរចងចាំថែមទៀតនោះ គឺថា ថៃបានប្រើយន្តហោះចម្បាំង ពាំគ្រាប់បែកចង្កោមមកទម្លាក់់លើសំណង់បេតិកភណ្ឌប្រាសាទព្រះវិហារផងដែរ រួមការបាញ់ផ្សែងពុលផូស្វ័រពណ៌-សជាដើម៕



