កងទ័ពជើងទឹកថៃ រឹតបន្តឹងសន្តិសុខនៅព្រំដែនចន្ទបុរី-ត្រាច
ហៀប ស៊ីថេត
11 វិច្ឆិកា 2025 08:37 AM

រាជធានីបាងកក៖ កងទ័ពជើងទឹកថៃ បានពង្រឹងសន្តិសុខនៅច្រកព្រំដែនចន្ទបុរី-ត្រាច ដើម្បីការពារបណ្តាញបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែន ដែលប្រតិបត្តិការផ្លាស់ប្ដូរទីតាំងពីប្រទេសថៃទៅកម្ពុជា ឬពីកម្ពុជាមកថៃ។ នេះបើតាមកាសែត The Nation ចុះផ្សាយនាថ្ងៃទី១១វិច្ឆិកា។ ការរឹតបន្តឹងនេះ ធ្វើឡើងក្រោយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កម្រើកឡើងវិញ ស្របពេលកូនទាហានថៃដើជាន់មីនផ្ទុះដាច់ជើងនៅម្តុំភ្នំទ្រព្យ ទល់មុខប្រាសាទព្រះវិហាររបស់កម្ពុជា...។

រូបភាព៖ The Nation
រូបភាព៖ The Nation

លោក ប៉ារ៉ាច រតនជ័យភណ្ឌ ( ปารัช รัตนไชยพันธ์) អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់កានៅថ្ងៃអង្គារទី១១ ខែវិច្ឆិកានេះថា ទីបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាច បានបង្កើនវិធានការត្រួតពិនិត្យព្រំដែន ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ចារកម្ម ដែលបង្ហាញថា បណ្តាញបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតអាចនឹងព្យាយាមផ្លាស់ប្ដូរទីតាំង ឬពង្រីកប្រតិបត្តិការតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ លោកបានបន្ថែមថា វិធានការនេះ ជាផ្នែកមួយនៃបេសកកម្មសន្តិសុខជាតិរបស់កងទ័ពជើងទឹកថៃ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ស្ថិរភាពសេដ្ឋកិច្ច និងសុវត្ថិភាពសាធារណៈរបស់ប្រទេសថៃ។

លោក ប៉ារ៉ាច់ រតនាឆៃយ៉ាប៉ាន់, រូបភាព៖ The Nation
លោក ប៉ារ៉ាច់ រតនាឆៃយ៉ាប៉ាន់, រូបភាព៖ The Nation

ជាមួយគ្នា អ្នកនាំពាក្យកងទ័ពជើងទឹកថៃរូបនេះ បានពន្យល់ថា ច្រកព្រំដែនក្នុងខេត្តចន្ទបុរី-ត្រាច បានស្ថិតនៅក្រោមការរឹតបន្តឹងរួចហើយ ខណៈសកម្មភាពមិនចាំបាច់ទាំងអស់ត្រូវបានផ្អាក លើកលែងតែគោលបំណងមនុស្សធម៌ប៉ុណ្ណោះ ដូចជាការផ្ទេរអ្នកជំងឺសង្គ្រោះបន្ទាន់ ឬអ្នកជំងឺធ្ងន់ធ្ងរ និងការធ្វើមាតុភូមិនិវត្តន៍នៃជនចំណាកស្រុកខុសច្បាប់តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែភស្តុតាងបង្ហាញពីចលនាប្រតិបត្តិការឧក្រិដ្ឋកម្ម កងទ័ពជើងទឹក បានសម្រេចចិត្តរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀត។ បញ្ជាការដ្ឋានការពារព្រំដែននៅតែបន្តប្រតិបត្តិការល្បាត និងឃ្លាំមើលជាប្រចាំ ដោយសហការជាមួយភ្នាក់ងារសន្តិសុខផ្សេងទៀត ដើម្បីត្រួតពិនិត្យ និងស្ទាក់ចាប់ការឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនធម្មជាតិ។ គួរបញ្ជាក់ថា ការរឹតបន្តឹងនេះ ធ្វើឡើងភ្លាមៗ ចំពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតានតឹងសាជាថ្មីឡើងវិញក្រោយយោធាថៃដើរជាន់មីនផ្ទុះដាច់ជើង ខណៈរាជរដ្ឋាភិបាលថៃ បានអនុម័តផ្អាកលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ជាផ្លូវការផងដែរ៕

រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត