ស្ថានការណ៍ព្រំដែនកាន់តែផុយស្រួយ ក្រៅពីទិញអាវុធការពារខ្លួន កម្ពុជាគួរទិញយន្តហោះច្បាំង ទុកវាយបកចោរឈ្លានពានទឹកដី
ហៀប ស៊ីថេត
14 ម៉ោងមុន

បទវិចារណកថា៖ ដើម្បីការពារដែនអធិបតេយ្យឱ្យមានស្ថិរភាព និងអាចទប់ស្កាត់បានទាន់ពេល ច្បាស់ណាស់ថា វិស័យការពារជាតិត្រូវតែធ្វើទំនើបកម្ម ពិសេសការបញ្ជាទិញសព្វាវុធធុនធ្ងន់មកផ្ញុកឃ្លាំងបន្ថែមទៀត គឺជារឿងដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ ខណៈសហរដ្ឋអាម៉េរិកកំពុងបើកភ្លើងខៀវ។ ដូចនេះ ដើម្បីសម្រួចចង្កូមយោធាឱ្យកាន់តែរឹងមាំ ការជ្រើសយកយន្តហោះច្បាំង និងយុទ្ធោបករណ៍ទំនើបៗពីអាម៉េរិក ពិតជាមានសារសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលគួរពិចារណា...។

ថ្ងៃនេះ SBM News ចម្រាញ់យកអាវុធចំនួន៩ប្រភេទ ជូនដល់ទស្សនិកជនបានជ្រាប ក៏ដូចជាបង្ហាញដល់មន្ត្រីរាជរដ្ឋាភិបាល សម្រាប់ពិចារណាផងដែរ។ សព្វាវុធដំបូងគេនោះគឺ ស្តេចយន្តហោះចម្បាំង F-35 Lightning II៖ វាជាយន្តហោះចម្បាំងពហុតួនាទី ជំនាន់ទី៥ របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនយក្ស Lockheed Martin។ វាមានសមត្ថភាពមិនធម្មតាឡើយ! មិនធម្មតាក៏នៅត្រង់ថា វាអាចប្រើភ្នែកទិព្វសម្លឹងមើលសត្រូវនៅឆ្ងាយ និងគ្រប់ទិសតំបន់ (ទាំងនៅចំពីមុខ ពីក្រោយ ពីចំហៀង ពីលើ និងសូម្បីតែពីខាងក្រោម)។ ជាមួយនឹងសមត្ថភាពបំបាំងកាយ និងល្បឿន១៩៦០គីឡូម៉ែត្រក្នុងមួយម៉ោង សមល្មមឱ្យបិសាចចម្បាំងដ៏កំណាចមួយនេះក្លាយជាឃាតកសម្លាប់គូសត្រូវដោយឥតស្រកឈាម ដែលយន្តហោះចម្បាំងឯទៀតខ្លាចរអារ។ វាអាចប្រមាញ់ចំណីបានទាំងនៅលើគោក លើអាកាស និងលើផ្ទៃសមុទ្ទ។ សូមជម្រាបថា បិសាចចម្បាំងគ្មានគូរប្រៀបមួយនេះ មានតម្លៃចន្លោះពី៨០ទៅ ១០០លានដុល្លារក្នុងមួយគ្រឿង (នេះមិនទាន់គិតថ្លៃថែទាំ)។ ថៃបានស្នើទិញយន្តចម្បាំងនេះដែរ ប៉ុន្តែសហរដ្ឋអាម៉េរិកបដិសេធ ដូច្នេះ ប្រសិនបើកម្ពុជាមានភ័ព្វវាសនា អាចទិញវាបានមែន នោះវិស័យការពារដែនអាកាសកម្ពុជានឹងមានឥទ្ធិពលឡើងវិញ។

 F-35 Lightning II
 F-35 Lightning II

ចំណែកយន្តហោះច្បាំងមួយប្រភេទទៀត គឺអាទិទេពចម្បាំង F-15EX Eagle II៖ វាជាយន្តហោះចម្បាំងជំនាន់ទី៤,៥របស់សហរដ្ឋអាម៉េរិកដែរ ដែលត្រូវបានរចនាឡើងសម្រាប់ល្បឿនលឿនបំផុត ពោលគឺលឿនជាងសំឡេងដល់ទៅ២,៥ដងឯណោះ ព្រោះ សូម្បីតែ F-22 Raptor, F-35 Lightning II និង T-50TH ដែលថៃប្រើមកឈ្លានពានកម្ពុជា ក៏បានត្រឹមហិតផ្សែងវាប៉ុណ្ណោះ។ ផ្ទុកមីស៊ីលបាន២២គ្រាប់ ដែលមានទម្ងន់១៣,៦តោន ល្មមអាចឱ្យអាទិទេពចម្បាំង F-15EX Eagle II មានសមត្ថភាពផ្ទុកទម្ងន់បានច្រើនជាងគេបំផុតនៅលើលោក។ ជាមួយនឹងសមត្ថភាពផ្ទុកទម្ងន់ដ៏ធ្ងន់សម្បើមនេះហើយ ទើបវាត្រូវបានគេដាក់រហស្សនាមថា «យានដឹកជញ្ជូនមីស៊ីលលើដែនអាកាស» ហោះទម្លុះវេហា ប្រៀបបានទៅនឹងស្តេចស្វាពានរស៊ុនអ៊ូខុង ជិះពពកជ្រែកអាកាសទៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធឋានព្រះឥន្ទយ៉ាងដូច្នោះដែរ។ វាមានតម្លៃប្រហែល៩០លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែបើបំពាក់ឧបករណ៍ពេញលេញ វាអាចឈានដល់ជិត១២០លានដុល្លារក្នុងមួយគ្រឿង។

F-15EX Eagle II
F-15EX Eagle II

ប្រសិនបើកម្ពុជាមិនអាចទិញបានយន្តហោះចម្បាំងទាំងពីរខាងលើនេះទេ មានបក្សីស្លាបដែកមួយប្រភេទទៀត ក៏សក្តិសមសម្រាប់កម្ពុជាដែរ នោះគឺ ពស់វែករនាមដុះស្លាប F-16V Viper៖ វាគឺជាយន្តហោះជំនាន់ទី៤ដ៏ទំនើបបំផុតនៃត្រកូល F-16 Fighting Falcon។ វាត្រូវបានប្រសូត្រចេញពីក្រុមហ៊ុន Lockheed Martin ជាមួយនឹងការបំពាក់នូវប្រព័ន្ធរ៉ាដា APG-83 AESA ដែលវាអាចមើលឃើញចំណីច្បាស់ និងវាយប្រហារចំគោលដៅបានល្អ។ លើសពីនេះ វាអាចត្រដាងស្លាប ហោះទៅកម្ទេចសត្រូវបានទាំងនៅលើអាកាស និងនៅលើដី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ F-16V Viper មានសមត្ថភាពខ្លាំងជាង F-16 ដែលថៃកំពុងប្រើបច្ចុប្បន្ន។ ខ្លាំងជាង..ក៏នៅត្រង់ថា វាអាចចាប់គោលដៅសត្រូវបានឆ្ងាយ និងមានភាពបត់បែនខ្ពស់ក្នុងការប្រយុទ្ធលើដែនអាកាស។ វាមានតម្លៃ៦០ទៅ៧០លានដុល្លារក្នុងមួយគ្រឿង

 F-16V Viper
 F-16V Viper

ចំណែកកន្ទុំរុញដែលមានឈ្មោះថា បិសាចរាត្រី AH-64E Apache Guardian៖ វាជាប្រភេទឧទ្ធម្ភាគចក្រវាយប្រហារដ៏ទំនើបបំផុត បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ ដែលអាចចេញប្រមាញ់ចំណីនៅពេលយប់បាន ទោះស្ថិតក្នុងអាកាសធាតុអាក្រក់ក៏ដោយ។ AH-64E Apache Guardian គឺជាសុបិនដ៏អាក្រក់តាមលងបន្លាចរថក្រោះ រថពាសដែក និងដ្រូនរបស់ខ្មាំងសត្រូវ នារាត្រីដ៏ស្ងប់ស្ងាត់។ វាអាចបាញ់មីស៊ីល AGM-114 Hellfire ទៅកម្ទេចគោលដៅក្នុងរយៈចម្ងាយពី៨ទៅ១១គីឡូម៉ែត្រ។ ទោះរថក្រោះ ឬរថពាសខ្លាំងប៉ុណ្ណា រឹងប៉ុណ្ណា ធន់ប៉ុណ្ណាក៏ដោយ ក៏នៅតែក្លាយជាចំណីរបស់មីស៊ីល Hellfire ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ វាមានតម្លៃប្រមាណពី៣៥ទៅ៥០លានដុល្លារក្នុងមួយគ្រឿង។

AH-64E Apache Guardian
AH-64E Apache Guardian

ក្រៅពីអធិរាជដែនអាកាសទាំង៤ខាងលើ ស្តេចពីងពាង Patriot Missile System ក៏សក្តិសមបំផុតផងដែរ សម្រាប់ការពារផ្ទៃមេឃកម្ពុជាពីការវាយប្រហារពីសំណាក់យន្តហោះចម្បាំង ឬមីស៊ីលរបស់បច្ចាមិត្តដែលមានបំណងចង់ឈ្លានពាន។ កំលុងពេលសង្គ្រាម២១ថ្ងៃ ដែលថៃបើកការឈ្លានពានមកលើកម្ពុជា របបបាងកកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗមកទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យពលរដ្ឋដែលជាជនស៊ីវិលបាត់បង់ជីវិត និងព្រាត់ប្រាស់ផ្ទះសម្បែង។ សម្រាប់ ស្តេចពីងពាង Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសចល័តរយៈចម្ងាយឆ្ងាយ។ វាមានសមត្ថភាពខ្ពស់ក្នុងការហោះទៅកម្ទេចយន្តហោះចម្បាំង មីស៊ីល និងមីស៊ីលផ្លោងយុទ្ធសាស្ត្រ។ លើសពីនេះ វាក៏អាចប្រើកែវភ្នែកទិព្វស្កេនតាមដានគោលដៅគំរាមកំហែងរហូតដល់១០០គោលដៅក្នុងពេលតែមួយ ហើយវាអាចហោះទៅកម្ទេចគោលដៅខ្មាំងសត្រូវទាំងនោះ បានរហូតដល់ទៅចម្ងាយ១៦០គីឡូម៉ែត្រនៅរយៈកម្ពស់ជាង២៤គីឡូម៉ែត្រឯណោះ។

 Patriot Missile System
 Patriot Missile System

ប្រសិនបើកម្ពុជាអាចទិញបាន នោះយន្តហោះចម្បាំងរបស់ថៃ នឹងក្លាយជាចំណីរបស់ឥន្ឋនូរព័ទ្ធភ្នំ ឬអ្នកខ្លះទៀតហៅថា ស្តេចពីងពាង Patriot ជាក់ជាមិនខាន។ យ៉ាងណា ប្រព័ន្ធការការពារដែនអាកាសដ៏មានប្រសិទ្ធភាពមួយនេះ មានតម្លៃខ្ពស់ណាស់សម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួចដូចកម្ពុជា ព្រោះវាមានតម្លៃប្រមាណជា១ពាន់លានដុល្លារក្នុងមួយគ្រឿង។ យ៉ាងណានៅមាន ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS ដែលប្រសូតចេញពីគ្រួសារ Lockheed Martin មួយទៀត ដែលជាអ្នកប្រយុទ្ធដ៏សំខាន់ ទៅលើបច្ចាមិត្តណាដែលចង់មកតតាំងជាមួយវា។ HIMARS អាចផ្ទុកមីស៊ីលប្រភេទ GMLRS ចំនួន៦គ្រាប់ និងអាចបាញ់បានចម្ងាយប្រហែលពី៧០ទៅ៨០គីឡូម៉ែត្រ ប៉ុន្តែវាក៏មានសមត្ថភាពពិសេសមួយទៀត ដើម្បីបើកការវាយប្រហារទៅលើខ្មាំងសត្រូវវិញ ព្រោះថា HIMARS អាចដោះមីស៊ីល GMLRS ចេញ រួចបំពាក់មីស៊ីល ATACMS តែមួយគ្រាប់ប៉ុណ្ណោះ ដើម្បីហោះទៅកម្ទេចគោលដៅ និងមូលដ្ឋានទ័ពសត្រូវនៅចម្ងាយប្រហែល៣០០គីឡូម៉ែត្រ

HIMARS
HIMARS

នេះមានន័យ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS អាចប្រើប្រាស់បានទាំងសម្រាប់ការពារខ្លួន និងវាយបកលើចោរឈ្លានពានវិញ បានយ៉ាងមានប្រសិទ្ធភាព។ អាវុធដ៏សំខាន់ដែលកម្ពុជាគួរសម្លឹងមើលសម្រាប់កងទ័ពថ្មើរជើង នោះគឺ សេះស្ពាន់ M1A2 Abrams។ វាជារថក្រោះចម្បាំងកំពូលជំនាន់ទី៣របស់អាម៉េរិក ដែលត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩៩២។ វាបានបំពាក់ដោយគ្រឿងសឹកទំនើបៗ ជាមួយកាំភ្លើងធំទំហំ ១២០មីលីម៉ែត្រ និងកម្លាំង១៥០០HP (ឬសេះ) ហើយវាត្រូវការមនុស្សចំនួន៤នាក់ ដើម្បីជួយវាបើកប្រតិបត្តិការវាយប្រហារ។ M1A2 Abrams មើលនឹងភ្នែកជារថក្រោះធម្មតា តែវាមិនធម្មតាទេ! មិនធម្មតាព្រោះថា វាបំពាក់ដោយម៉ាស៊ីនយន្តហោះ, អាចធ្វើដំណើរបាន៦០គីឡូម៉ែត្រក្នុង១ម៉ោង, មានទម្ងន់ប្រមាណ៧០តោន និងអាចបាញ់បានចម្ងាយជាង៤គីឡូម៉ែត្រឯណ្ណោះ សម្រាប់សេរីទំនើបចុងក្រោយ វាមានតម្លៃចន្លោះពី១៥ទៅ២០លានដុល្លារក្នុងមួយគ្រឿង។

 M1A2 Abrams
 M1A2 Abrams

អាវុធមួយប្រភេទទៀតគឺ អណ្តើកពាសដែក M109A7 Paladin។ ដែលវាក៏ជារថក្រោះកាំភ្លើងធំស្វ័យប្រវត្តិ១៥៥មីលីម៉ែត្រ និងជារថក្រោះទំនើបបំផុតរបស់កងទ័ពសហរដ្ឋអាម៉េរិក វាត្រូវបានផលិតឡើងដើម្បីប្រយុទ្ធក្នុងសមរភូមិជាក់ស្តែង។ វាបំពាក់ដោយកាំភ្លើងធំប្រភេទ M284 ទំហំ១៥៥មីលីម៉ែត្រ ហើយវាមានសមត្ថភាពបាញ់បានចម្ងាយរហូតដល់៣០គីឡូម៉ែត្រ។ វាមានទម្ងន់ប្រហែល៣៥តោន និងត្រូវការមនុស្ស ៤នាក់ ដើម្បីបញ្ជាប្រតិបត្តិការ។ សូមជម្រាបថា វាមានតម្លៃប្រមាណ១២លាន់ដុល្លារក្នុងមួយគ្រឿង។ ចំណែកយុទ្ធោបករណ៍ចុងក្រោយ ដែលកម្ពុជាគួរពិចារណាទិញផងដែរនោះ គឺ AN/MLQ-40 Prophet។ វាគឺជាប្រព័ន្ធស៊ើបការណ៍សញ្ញាយុទ្ធសាស្ត្រ នៅក្នុងបរិបទនៃសង្គ្រាមអេឡិចត្រូនិក។ វាអាចរឈ្លបយកការណ៍ កំណត់គោលដៅ និងចាប់សញ្ញាទីតាំងសត្រូវបានច្បាស់លាស់ និងលឿនបំផុត។

M109A7 Paladin
M109A7 Paladin

ជាទូទៅ គេមិនបណ្តោយឱ្យវាធ្វើការតែម្នាក់ឯងទេ ជារឿយៗវាមានការគាំទ្របន្ថែមពីយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ចាប់សញ្ញាផ្សេងទៀត ដើម្បីធានាបាននូវទីតាំងសត្រូវជាក់លាក់។ អ្វីដែលសត្រូវខ្លាចនោះ គឺថា Prophet អាចស្ទាក់ចាប់រលកសញ្ញាអេឡិចត្រូនិកបានឆ្ងាយ ដូច្នេះ ប្រសិនបើសត្រូវមានការទាក់ទងគ្នាតាមរយៈរលកវិទ្យុសកម្ម នោះ Prophet នឹងបង្ហាញទីតាំងសត្រូវនៅលើផែនទីឌីជីថល ហើយមីស៊ីលនឹងហោះចេញពីបំពង់ទៅកម្ទេចទីតាំងសត្រូវភ្លាមៗ។ សូមជម្រាបថា នេះគ្រាន់តែជាការរៀបរាប់លម្អិតអំពីសមត្ថភាពដ៏ខ្លាំងក្លានៃអាវុធទាំង៩ប្រភេទរបស់សហរដ្ឋអាម៉េរិក ក្នុងចំណោមសព្វាវុធទំនើបៗជាច្រើនមុខទៀត ដែលកម្ពុជាគួរពិចារណាទិញចូលឃ្លាំង ដើម្បីទុកការពារខ្លួនពីសត្រូវដែលចង់យាយី ជាពិសេសប្រទេសជាប់របងផ្ទះភាគខាងលិច ដែលកំពុងចិញ្ចឹមចិត្តលេចត្របាក់ទឹកដីរបស់យើង នាពេលបច្ចុប្បន្ន៕

 AN/MLQ-40 Prophet
 AN/MLQ-40 Prophet
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត