ជម្លោះនៅមជ្ឈិមបូព៌ាជះឥទ្ធិពលយ៉ាងខ្លាំង រហូតជំរុញឱ្យហ្វីលីពីនប្រកាសអាសន្នផ្នែកថាមពលជាតិ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានប្រកាសដាក់ប្រទេសក្នុង «ស្ថានភាពអាសន្នផ្នែកថាមពលជាតិ» ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលសង្គ្រាមមជ្ឈិមបូព៌ា ដែលលោកបានហៅថាជា «គ្រោះថ្នាក់ដ៏ធំ» មកលើការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។

លោក ម៉ាកូស បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីធានាឱ្យបាននូវចលនាផ្គត់ផ្គង់ និងការចែកចាយប្រេងឥន្ធនៈ ស្បៀងអាហារ ថ្នាំសង្កូវ និងទំនិញចាំបាច់ផ្សេងៗទៀត ឱ្យមានភាពរលូន និងមិនមានការខ្វះខាត។ លោកប្រធានាធិបតីបានបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្កើតឱ្យមានភាពមិនច្បាស់លាស់ក្នុងទីផ្សារថាមពលសកល ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ និងការឡើងថ្លៃប្រេងអន្តរជាតិ ដែលសុទ្ធតែជាការគំរាមកំហែងដល់សន្តិសុខថាមពលរបស់ហ្វីលីពីន។ ការប្រកាសអាសន្ននេះ មានសុពលភាពរយៈពេលមួយឆ្នាំ ហើយនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចបញ្ជាទិញប្រេងឥន្ធនៈ និងផលិតផលប្រេងបានយ៉ាងរហ័ស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់ និងទាន់ពេលវេលា ហើយបើចាំបាច់ រដ្ឋាភិបាលអាចបង់ប្រាក់កក់មុនចំណែកណាមួយនៃកិច្ចសន្យាទៀតផង។

រដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោកស្រី សារ៉ុន ហ្ការិន (Sharon Garin) បានឱ្យដឹងថា បច្ចុប្បន្ន ហ្វីលីពីនមានប្រេងបម្រុងសម្រាប់ប្រើប្រាស់បានប្រហែល៤៥ថ្ងៃប៉ុណ្ណោះ។ ដើម្បីបង្កើនការត្រៀមលក្ខណៈ រដ្ឋាភិបាលកំពុងព្យាយាមបញ្ជាទិញប្រេងចំនួន១លានបារ៉ែលបន្ថែមទៀតពីបណ្ដាប្រទេសក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទុកជាស្ដុកបម្រុង។ ក្រៅពីបញ្ហាថាមពល លោក ម៉ាកូស ក៏បានណែនាំឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល តាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃសង្គ្រាមនេះ ទៅលើតម្លៃប្រាក់ពេសូ (Peso) របស់ហ្វីលីពីន ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណជាតិ និងផលប៉ះពាល់លើប្រាក់ចំណូលដែលពលរដ្ឋផ្ញើមកពីក្រៅប្រទេស។

ស្ថានភាពនេះបានកើតឡើងចំពេលដែលមានការរិះគន់ពីសំណាក់សមាជិកព្រឹទ្ធសភា ចំពោះការយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងការឡើងថ្លៃប្រេង ដែលអាចរុញច្រានអតិផរណាឱ្យឡើងខ្ពស់ដល់កម្រិតបំបែកកំណត់ត្រា និងធ្វើឱ្យកំណើនសេដ្ឋកិច្ចចុះខ្សោយ។ ជាការឆ្លើយតបនឹងការឡើងថ្លៃប្រេងនេះ ក្រុមកម្មករដឹកជញ្ជូន និងក្រុមអ្នកប្រើប្រាស់ ក៏បានគ្រោងធ្វើកូដកម្មរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ទី២៦មីនាទៅ ដើម្បីតវ៉ានឹងអ្វីដែលពួកគេហៅថាជា «ការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត