
សកល៖ ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលអាក្រក់ជាងការរង្គោះរង្គើនៃវិបត្តិប្រេងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងផលប៉ះពាល់បណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន បូកបញ្ចូលគ្នាទៅទៀត។ នេះបើតាមប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ចេញស៊ីរ៉ែនព្រមាននៅថ្ងៃទី២៣ ខែមីនានេះ...។

ថ្លែងនៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយ នាយកប្រតិបត្តិ IEA លោក ហ្វាទីហ៍ ប៊ីរ៉ូល (Fatih Birol) បានព្រមានថា ពិភពលោកកំពុងជួបវិបត្តិថាមពលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបង្កឡើងដោយសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងរបបអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា ទំហំនៃមហន្តរាយនេះ គឺសាហាវជាងវិបត្តិប្រេងឆ្នាំ១៩៧៣, ឆ្នាំ១៩៧៩ និងវិបត្តិហ្គាសនៅអ៊ុយក្រែនឆ្នាំ២០២២ បូកបញ្ចូលគ្នាទៅទៀត។ លោកបានលើកឡើងយ៉ាងមុតស្រួចថា៖ «ស្ថានភាពបច្ចុប្បន្ន គឺស្មើនឹងវិបត្តិប្រេងដ៏ធំ២លើក និងការដួលរលំនៃថាមពលហ្គាស (រុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន) រួមបញ្ចូលគ្នាតែម្ដង»។ លោក ប៊ីរ៉ូល បានបន្តថា ការបិទច្រកសមុទ្ទហ័រមូស្ស និងការវាយប្រហារលើទីតាំងថាមពលនានា ធ្វើឱ្យការផ្គត់ផ្គង់ប្រេងសកលធ្លាក់ចុះប្រហែល១១លានបារ៉ែលក្នុងមួយថ្ងៃ ដែលចំនួននេះ លើស២ដងនៃកង្វះខាតថាមពលសរុបក្នុងវិបត្តិប្រេងទសវត្សឆ្នាំ១៩៧០។

នាយកប្រតិបត្តិ IEA រូបនេះ បានកត់សម្គាល់ទៀតថា ការផ្គត់ផ្គងឧស្ម័នធម្មជាតិរាវ (ឬ LNG) ត្រូវបានកាត់បន្ថយប្រហែល១៤០ពាន់លានម៉ែត្រគូប បើប្រៀបធៀបនឹងខ្វះខាតដោយសារសង្គ្រាមនៅអ៊ុយក្រែនមានចំនួនតែ៧៥ពាន់លានម៉ែត្រគូបប៉ុណ្ណោះ។ លោកក៏បានបញ្ជាក់ទៀតថា យ៉ាងហោចណាស់មានទីតាំងថាមពលចំនួន៤០កន្លែង នៅក្នុងប្រទេសចំនួន៩ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះរួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែល ប្រឆាំងរបបអ៊ីរ៉ង់។ «សេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃនេះ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បញ្ហានេះនឹងត្រូវបានដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជាសម្តីដ៏មុតស្រួចចេញពីមាត់លោក លោក ហ្វាទីហ៍ ប៊ីរ៉ូល។

មែនទែនទៅ ប្រេងបានឡើងថ្លៃជាង៥០ភាគរយ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម តាមរយៈការវាយប្រហាររួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈរដ្ឋធានីតហេរ៉ង់បានបិទច្រកសមុទ្ធហ័រមូស្ស ដែលជាដង្ហើមប្រេងដ៏សំខាន់។ សូមជម្រាបថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទរយៈពេល៤៨ម៉ោង ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្ទយុទ្ធសាស្ត្រនេះឡើងវិញ បើមិនដូច្នោះទេ រោងចក្រអគ្គិសនីរបស់អ៊ីរ៉ង នឹងត្រូវកម្ទេចឱ្យក្លាយជាផេះផង់។ តើសម្តីរបស់ត្រាំ អាចក្លាយជាការពិតដែរឬទេ..? តើវិបត្តិថាមពលដ៏អាក់បំផុតក្នុងប្រវត្តិសាស្ត្រមួយនេះ អាចត្រូវបានដោះស្រាយដោយរបៀបណា..? ហើយបើអាចដោះស្រាយបាន តើនៅពេលណា? ខណៈមេដឹកនាំអ៊ីរ៉ង់ក៏ប្តេជ្ញាសងសឹកវិញដូចគ្នា...៕




