តម្លៃប្រេងធ្លាក់ចុះវិញបន្តិច ខណៈពន្លឺបទឈប់បា.ញ់នៅមជ្ឈិមបូព៌ាចាប់ផ្តើមលេចឡើង
ហៀប ស៊ីថេត
16 ម៉ោងមុន

មជ្ឈិមបូព៌ា៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង៥ភាគរយនៅថ្ងៃពុធទី២៥ ខែមីនានេះ បន្ទាប់ពីមានសញ្ញាវិជ្ជមានជុំវិញលទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលអាចជួយសម្រួលដល់ការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាឡើងវិញ។ ការណ៍នេះ កើតឡើងក្រោយមានរបាយការណ៍ថា សហរដ្ឋអាម៉េរិកបានផ្ញើផែនការសន្តិភាព១៥ចំណុចទៅកាន់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាមួយគ្នា។ 

ជាក់ស្តែង តម្លៃប្រេងឆៅ Brent (ប្រេន) បានធ្លាក់ចុះ៦,២១ដុល្លារ (ឬស្មើ ៥,៩ភាគររយ) មកនៅត្រឹម៩៨,២៨ដុល្លារក្នុង១បារ៉ែល។ សម្រាប់តម្លៃប្រេងឆៅ WTI របស់អាម៉េរិក បានធ្លាក់ចុះ៤,៦៧ដុល្លារ (ឬស្មើ ៥,១ភាគរយ) មកនៅត្រឹម៨៧,៦៨ដុល្លារក្នុង១បារ៉ែល។ លោក ហ៊ីរ៉ូយូគី គីគូកាវ៉ា (Hiroyuki Kikukawa) ប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities (នីសាន់ សេឃ្យូរិធី) បានលើកឡើងថា ការរំពឹងទុកលើបទឈប់បាញ់ បានធ្វើឱ្យអ្នកវិនិយោគចាប់ផ្តើមលក់ចេញប្រេងដើម្បីយកផលចំណេញ ប៉ុន្តែស្ថានភាពនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ដែលជាកត្តារារាំងមិនឱ្យតម្លៃប្រេងធ្លាក់ចុះខ្លាំងជាងនេះ។

យោងតាមប្រភពព័ត៌មាន និងទូរទស្សន៍ Channel 2 របស់អ៊ីស្រាអែល សហរដ្ឋអាម៉េរិកកំពុងស្វែងរកការឈប់បាញ់រយៈពេលមួយខែ ដើម្បីពិភាក្សាលើផែនការសំខាន់រួមមាន៖ ការរំសាយកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់, ការបញ្ឈប់ការគាំទ្រដល់ក្រុមប្រូកស៊ី (proxy groups), និងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។ សូមជម្រាបថា សង្គ្រាមនេះ បានធ្វើឱ្យការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ តាមច្រកសមុទ្ទហ័រមូស្ស ត្រូវគាំងស្ទះស្ទើរតែទាំងស្រុង ខណៈច្រកនេះគឺជាផ្លូវទឹកដ៏សំខាន់ដែលរួមចំណែក១ភាគ៥ ឬស្មើ២០ភាគរយនៃមហាអំណាចថាមពលពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត