
តេហេរ៉ង់៖ ស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា កិច្ចចរចាជាមួយអ៊ីរ៉ង់កំពុងមានដំណើរការយ៉ាងល្អ និងបញ្ជាឱ្យផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ព្រោះកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមទទួលបានផ្លែផ្កា ហើយថែមទាំងអះអាងថា រដ្ឋធានីតេហេរ៉ង់ចង់បញ្ចប់ជម្លោះ ស្រាប់តែអ៊ីរ៉ង់បានបដិសេធទាំងស្រុងថា មិនមានការចរចាណាមួយកើតឡើងជាមួយអាម៉េរិកនោះទេ។

លោក ត្រាំ លើកឡើងថា អ៊ីរ៉ង់ចង់សម្រុះសម្រួល ហើយមានឱកាសខ្ពស់ក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ។ លោកបានសង្កត់ធ្ងន់ថា៖«យើងបានលុបបំបាត់អ្វីៗគ្រប់យ៉ាងដែលត្រូវលុបបំបាត់ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងមេដឹកនាំផងដែរ។ អ៊ីរ៉ង់មាន ឱកាសចុងក្រោយបង្អស់ដើម្បីបញ្ឈប់ការគំរាមកំហែងលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត»។ លើសពីនេះ លោក ត្រាំ បញ្ជាក់ថា មានចំណុចព្រមព្រៀងសំខាន់ៗចំនួន ១៥ចំណុចដើម្បីបញ្ចប់សង្គ្រាម ដែលក្នុងនោះចំណុចទី១ ទី២ និងទី៣ គឺអ៊ីរ៉ង់ត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ចំនួន៥ថ្ងៃ បន្ទាប់ពីលោកបញ្ជាក់ថា កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមទទួលបានផ្លែផ្កា។

យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់បដិសេធថា មិនមានកិច្ចចរចាណាមួយជាមួយសហរដ្ឋអាម៉េរិកឡើយ ក្នុងរយៈពេល២៤ថ្ងៃចុងក្រោយនេះ។ ប្រធានសភាអ៊ីរ៉ង់ លោក មហាម៉ាត់ បាហ្គឺ កាលីបាហ្វ (Mohammad Bagher Ghalibaf) បានហៅការអះអាងរបស់លោក ត្រាំ ថាជាព័ត៌មានក្លែងក្លាយ។ លោកបានបង្ហោះលើបណ្តាញសង្គម X ថា៖«មិនមានកិច្ចចរចាណាមួយត្រូវបានធ្វើឡើងជាមួយអាម៉េរិកទេ...ព័ត៌មានក្លែងក្លាយត្រូវបានប្រើដើម្បីបោកបញ្ឆោតទីផ្សារហិរញ្ញវត្ថុ និងទីផ្សារប្រេង និងដើម្បីគេចចេញពីភាពជាប់គាំងដែលអាម៉េរិក និងអ៊ីស្រាអែលកំពុងជួបប្រទះ»៕




