
រាជធានីភ្នំពេញ៖ អ្នកជំនាញនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia Organization) បន្តដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិតាមត្រពាំងចំនួន២៤ ស្ថិតនៅក្នុងតំបន់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដើម្បីស្តារ និងពិនិត្យតាមដានជីវចម្រុះ ពិសេសប្រភេទត្វព្រៃដែលចុះទៅផឹកទឹកតាមត្រពាំងទាំងនោះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បង្ហាញទិន្នន័យអង្កេតតាមដានបឋមនៅថ្ងៃទី២៤មីនានេះថា ក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២៦ ត្រពាំងនៅដែនជម្រកសត្វព្រៃលំផាត់ដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រសត្វជិតផុតពូជ។ ជាក់ស្តែង មានត្រពាំងជីកស្តារចំនួន១៩ និងត្រពាំងធម្មជាតិចំនួន២ ត្រូវបានពិនិត្យតាមដានដោយផ្ទាល់ និងពិនិត្យតាមដានដោយកាមេរ៉ាស្វ័យប្រវត្តិ។ កាមេរ៉ាស្វ័យប្រវត្តិទាំងនេះ ត្រូវបានដាក់នៅទីតាំងត្រពាំងនារដូវប្រាំងចាប់ពីខែធ្នូ ដល់ខែឧសភា ដើម្បីកត់ត្រាកាលបរិច្ឆេទ និងពេលវេលាដោយស្វ័យប្រវត្តិហើយដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ។

ជាលទ្ធផលក្នុងខែមករា និងកុម្ភៈ អង្គការបានកត់ត្រាឃើញសត្វព្រៃចំនួន៣៤ប្រភេទចូលមកផឹកទឹកនៅត្រពាំងទាំង២៤នេះ។ ក្នុងនោះរួមមាន សត្វស្លាប សត្វក្រចកជើងជំពាម អំបូរពានរ និងប្រភេទសត្វល្មូន។ ការកត់សម្គាល់មានប្រភេទសត្វចំនួនពីរ ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត នោះគឺសត្វត្រយងយក្ស និងត្រយងចង្កំកស, បីប្រភេទជាប្រភេទសត្វជិតផុតពូជនោះគឺសត្វក្ងោក ស្វាព្រាម និងសត្វស្វាត្រោស, បីប្រភេទផ្សេងទៀតជាប្រភេទសត្វកំពុងរងគ្រោះនោះ គឺ សត្វក្រៀល ខ្ទីង និងប្រើស។ ចំណែកឯពីរប្រភេទទៀតជាប្រភេទសត្វជិតរងការគំរាមកំហែង គឺសត្វត្រដក់តូច និងកុកពាក់អំបោះ៕









