
ខេត្តសៀមរាប៖ ប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែងសរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានតួនាទីរក្សាទឹកទុកសម្រាប់ពលរដ្ឋយកទៅស្រោចស្រពស្រែចម្ការ ដំណាំ ផ្តល់ផលនេសាទ និងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរណ៍ និងដឹកជញ្ជូនកសិផល។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៤មីនា។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ប្រឡាយទឹកបុរាណទាំង២ខ្សែនេះ ក៏ជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ក៏ដូចជាជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋដែរ។ បច្ចុប្បន្ន ពលរដ្ឋដែលទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ។

អាជ្ញាធរជាតិអប្សរា បន្ថែមថា ដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្ត្រឃុំដូនកែវ ស្រុកពួកឱ្យកាន់តែមានប្រសិទ្ធភាព គម្រោង AWR ក៏បានសាងសង់សំណង់ធារាសាស្ដ្រមួយចំនួន នៅតាមបណ្តោយប្រឡាយទាំងនេះថែមទៀត ដូចជាសំណង់ទ្វារទឹកថ្មីចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១ពាន់ម៉ែត្រ។ រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលសេឡង់ (New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រទ្បាយបុរាណទាំងពីរនេះ៕




