បុ.កប៉ុណ្ណឹងសងតែ២ម៉ឺនដុល្លារចប់រឿង៖ អ្នកនាំពាក្យខេត្តអះអាងថា ទោះរួចផុតពីតុលាការ តែកូនចៅហ្វាយស្រុកកងមាស អាចប្រឈមនឹងវិធានការរដ្ឋបាលលើផ្នែកសីលធម៌
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅទីបំផុត អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ក្រោយបើកបុកកុមារាអាយុ១១ឆ្នាំឱ្យរងរបួសធ្ងន់ធ្ងរ ខណៈបុរសជាកូនប្រុសរបស់ចៅហ្វាយស្រុកកងមាស (ខេត្តកំពង់ចាម) ត្រូវដោះលែងឱ្យមានសេរីភាពវិញ ក្រោមហេតុផលជាអ្នករួមដំណើរ។ ជាមួយគ្នា អ្នកនាំពាក្យខេត្តកំពង់ចាម អះអាងថា ទោះរួចផុតពីតុលាការ តែកូនចៅហ្វាយស្រុកកងមាសរូបនេះ អាចប្រឈមនឹងវិធានការរដ្ឋបាលលើផ្នែកសីលធម៌។ 

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យ បានបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធបញ្ហាខាងលើនេះ យើងត្រូវញែករឿងនេះជា២ដាច់ដោយឡែកគ្នាជាមុនសិន ពោលគឺ ប្រសិនបើក្នុងករណីដែលតុលាការរកមិនឃើញកំហុសនោះ មានន័យថា លោក សាមីន វុត្ថារិទ្ធ នៅតែជាមន្ត្រីរាជការនៃរដ្ឋបាលស្រុកកងមាសដដែល។ ប៉ុន្តែបើក្រឡេកទៅមើលឥរិយាបថ​មិនសមរម្យរបស់លោកសាមីន វុត្ថារិទ្ធ វិញនោះ គឺអាចប្រឈមមុខនឹងវិធានការរដ្ឋបាលរបស់ក្រុមប្រឹក្សាស្រុកកងមាស ខណៈស្ថានទម្ងន់ទោស ឬទណ្ឌកម្មដែលត្រូវដាក់កម្រិតណានោះ អ្នកនាំពាក្យរូបនេះ មិនអាចសន្មតបានឡើយ ព្រោះជាការសម្រេចរបស់អង្គភាពសាមី។ 

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យ 
លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យ 

សូមជម្រាបផងដែរថា តាមរយៈសេចក្ដីប្រកាសព័ត៌មាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ស្រ្តីឈ្មោះ សុខ ច័ន្ទបូណ៍មី ពីបទ បើកបរក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួសអ្នកដទៃ និងបើកគេចខ្លួនពីកន្លែងកើតហេតុ។ បទចោទនេះ ស្ថិតក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ត្រូវជាកូនបង្កើតលោកភោគ សាវុធ ចៅហ្វាយស្រុកកងមាស ត្រូវបានតំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ។ ពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារឮបុរសជាមន្រ្តីសាលាស្រុកកងមាស និងជាកូនបង្កើតរបស់ចៅហ្វាយស្រុកនេះផងនោះ បានប្រើពាក្យថា «បុកប៉ុណ្ណឹង បោះតែ២ម៉ឺនដុល្លារ គឺចប់រឿងហើយ»៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត