កម្ចាត់បទល្មើសអនឡាញ៖ អភិបាលខេត្តកណ្តាល ប្រាប់ប្រៃសណីយ៍ឱ្យពិនិត្យរាល់ការស្នើភ្ជាប់អ៊ីនធឺណិតចាប់ពី១០០មេឡើង
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តកណ្តាល៖ បន្ទាប់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដំណាក់កាលទី១ ទទួលបានលទ្ធផលល្អប្រសើរ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ជំរុញឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធបន្តការខិតខំបង្ក្រាបបទល្មើសបន្ថែមទៀតនៅដំណាក់កាលទី២…។

ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំអឌ្ឍមាសទី១ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោក គួច ចំរើន បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធដែលគ្រប់គ្រងបានល្អប្រសើរទៅលើទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបិទ ព្រមទាំងគ្រប់គ្រងមិនឱ្យមានការលួចលាក់ប្រព្រឹត្តបទល្មើសថ្មីៗកើតឡើង។ ទោះជាយ៉ាងណា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនលើកលែង និងមិនថយក្រោយ តែលោក គួច ចំរើន បានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រួតពិនិត្យតាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗចាប់ពី១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ និងអគារជួល។ លោកបញ្ជាក់ថា ក្នុងករណីដែលគួរឱ្យសង្ស័យពាក់ព័ន្ធ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវរាយការណ៍ទៅសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នាក្រៅពីមន្ទីរប្រៃសណីយ៍ មន្ទីរទេសចរណ៍ និងអាជ្ញាធរក្រុង-ស្រុក ក៏ត្រូវសហការចុះណែនាំដល់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឱ្យកត់ត្រាព័ត៌មាន និងអត្តសញ្ញាណរបស់ភ្ញៀវ ដើម្បីជាតម្រុយដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសនានា។ លោកបន្តថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ត្រូវតែសហការ និងរាយការណ៍មកសមត្ថកិច្ចក្នុងករណីសង្ស័យ ជាពីសេសលើបទល្មើសជួញដូរមនុស្ស ។ល។ សូមរំឭកថា ពាក់ព័ន្ធបទល្មើស Online Scams នៅខេត្តកណ្តាល កាលពីថ្ងៃទី១៩មីនាកន្លងទៅ មានក្រុមហ៊ុន និងកាស៊ីណូចំនួន១១ទីតាំង ស្ថិតនៅក្រុងសំពៅពូន ត្រូវអាជ្ញាធរសម្រេចបិទខ្ទប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត