
រាជធានីភ្នំពេញ៖ កាលពីថ្មីៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈទំព័រហ្វេកប៊ុករបស់ជនខិលខូចចំនួន៧ ដោយឆបោកចាក់ឆ្នោតកោស តាមអនឡាញឈ្នះរង្វាន់ធំមិនស្របច្បាប់។ ទើបនៅរសៀលថ្ងៃទី២៤មីនានេះ បានចេញមកក្រើនរំឮកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចង់ខាតបង់ប្រាក់កាក់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ទំព័រហ្វេកប៊ុកបោកនោះ មានដូចជា៖ ១.គណនីហ្វេសប៊ុកឈ្មោះ “LuckyDay 2026 - Hari Keberuntunganmu” ។ ២.គណនីហ្វេសប៊ុកឈ្មោះ “ឆ្នោតកោសចែកលុយពិតៗ002” ។ ៣.គណនីហ្វេសប៊ុកឈ្មោះ “ពណ៌ឆ្នោត ១២12”។ ៤. គណនីហ្វេសប៊ុកឈ្មោះ “New Year 168”។ ៥.គណនីហ្វេសប៊ុកឈ្មោះ “ឆ្នោតកោសចែកលុយពិតៗ002”។ ៦.ហ្វេសប៊ុកឈ្មោះ “ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ 6688” និង៧.គណនីហ្វេសប៊ុកឈ្មោះ “កោសំណាង - LuckyScratch88 ”។ ល។

ផេកទាំងនេះ បានបង្ហោះផ្សព្វផ្សាយពីការកោសឆ្នោតឈ្នះរង្វាន់ធំ ដើម្បីទាក់ទាញ និងលួងលោមឱ្យប្រជាពលរដ្ឋ ទិញសន្លឹកឆ្នោត និងចាក់ឆ្នោតកោសឈ្នះរង្វាន់ច្រើន។ នាយកដ្ឋានបន្ថែមថា ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់៥លានរៀល ដល់២០លានរៀល ព្រមទាំងដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំ៕


