
រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋចូលរួមកាត់បន្ថយ និងប្រើប្រាស់ថាមពលអគ្គិសនីដោសន្សំសំចៃ។ ការអំពាវនាវរបស់អគ្គិសនីកម្ពុជា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈសកលបណ្ដាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្របពេលកម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្ដៅក្នុងរដូវប្រាំង។

តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃអង្គារទី២៤មីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា ស្នើសុំពលរដ្ឋ ជាពិសេសចំពោះអតិថិជនឱ្យចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ដោយត្រូវត្រួតពិនិត្យ និងថែទាំសម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះ ចំពោះបរិក្ខារត្រជាក់ ត្រូវលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្កាសជាប្រចាំ។ ត្រូវកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព ដូចជាបិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់, ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម២៤អង្សាសេ ហើយគួរបើកវាំងនន ជំនួសការបើកភ្លើងបំភ្លឺច្រើន។

មួយវិញទៀត អគ្គិសនីកម្ពុជា ស្នើឱ្យពលរដ្ឋបិទ ឬដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ ដូចជាទូរទស្សន៍ កង្ហារ ខ្សែសាកជាដើម ហើយនៅពេលទិញសម្ភារថ្មី គួរជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។ ទន្ទឹមនឹងនោះ ក៏ត្រូវកាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន។ អគ្គិសនីកម្ពុជា ចាត់ទុក ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន និងសាធារណជនតាមវិធីខាងលើ នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើមក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា សង្គ្រាមដ៏ខ្លាំងក្លានៅមជ្ឈិមបូព៌ា បង្កឡើងរួមគ្នាដោយសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ជាពិសេស ការបិទច្រកសមុទ្ទហ័រមូស្ស ជាច្រកដ៏សំខាន់សម្រាប់ការនាំប្រេងចេញប្រចាំថ្ងៃទៅកាន់ទីផ្សារអន្តរជាតិ បានបន្តធ្វើឱ្យតម្លៃប្រេងនៅជុំវិញពិភពលោក មានការកើនឡើងលើសធម្មតា។ កាលពីថ្ងៃទី២២មីនាកន្លងទៅ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញវិធានការឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវសន្សំសំចៃឱ្យបានខ្ពស់បំផុតលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី៕




