ប្រធានាធិបតីកូរ៉េខាងត្បូង គ្មានលទ្ធភាពឃាត់អាម៉េរិកដកប្រព័ន្ធមីស៊ីល Patriot ទៅធ្វើស.ង្គ្រា.មជាមួយអ៊ីរ៉ង់
ហៀប ស៊ីថេត
6 ម៉ោងមុន

រដ្ឋធានីសេអ៊ូល​៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានថ្លែងនៅថ្ងៃអង្គារទី១០ ខែមីនានេះថា ប្រទេសរបស់លោកមិនមានលទ្ធភាពឃាត់កងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូង (USFK) ក្នុងការដកអាវុធមួយចំនួនទៅដាក់ពង្រាយឡើងវិញបានឡើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រព័ន្ធការពារមីស៊ីលការពារដែនអាកាស Patriot របស់អាម៉េរិក កំពុងត្រូវបានបញ្ជូនទៅកាន់សមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌ា...។

លោក លី ជេម្យុង 
លោក លី ជេម្យុង 

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក លី បានលើកឡើងថា៖«វាហាក់ដូចជាមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះ ជុំវិញការដែលកងទ័ពអាម៉េរិកដឹកជញ្ជូនអាវុធមួយចំនួនដូចជា កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសចេញពីប្រទេសយើង។ ទោះបីជាយើងបង្ហាញជំហរប្រឆាំងក៏ដោយ ប៉ុន្តែកូរ៉េខាងត្បូងមិនស្ថិតក្នុងស្ថានភាពដែលអាចបង្គាប់បញ្ជា[អាម៉េរិក]បានឡើយ»។ ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះអះអាងថា ការដកអាវុធរបស់អាម៉េរិកចេញមួយចំនួននេះ មិនបានរារាំងដល់យុទ្ធសាស្ត្រទប់ទល់នឹងកូរ៉េខាងជើងនោះទេ។ កញ្ចប់ថវិកាការពារជាតិ និងសមត្ថភាពអាវុធទំនើបៗរបស់កូរ៉េខាងត្បូងផ្ទាល់ គឺមានកម្រិតខ្ពស់លើសលប់ឆ្ងាយណាស់ បើធៀបនឹងកូរ៉េខាងជើង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំងនោះ ត្រូវបានដឹកចេញពីមូលដ្ឋានទ័ពអាកាសអូសាន(Osan) ហើយទំនងជាត្រូវយកទៅដាក់ពង្រាយនៅមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ គួររំឭកថា កងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ក្រោមយុទ្ធនាការកម្ទេចអាវុធនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់។ គួរបញ្ជាក់ថា បច្ចុប្បន្ន កូរ៉េខាងត្បូង ជាកន្លែងឈរជើងដ៏ធំបំផុតរបស់កងទ័ពអាម៉េរិក ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង ដែលមានកងទ័ពសរុបប្រហែល២៨៥០០នាក់ រួមជាមួយប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ជាច្រើន រួមទាំងប្រព័ន្ធ Patriot នេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត