ក្នុងរបត់ចលាចល! ​កូឡុំប៊ី​ត្រៀម​បញ្ចេញ​ខែល​ការពារ​យន្តហោះ​គ្មាន​មនុស្ស​បើក ​តម្លៃ​ប្រមាណ១,៧​ពាន់​លាន​ដុល្លារ
ហៀប ស៊ីថេត
17 មករា 2026 07:00 AM

រដ្ឋធានីបូកូតា៖ កូឡុំប៊ី កាលពីថ្ងៃសុក្រទី១៦ ខែមករា (ម៉ោងនៅអាម៉េរិកខាងត្បូង) បានចាប់ផ្តើមគម្រោង ១,៦៨ពាន់លានដុល្លារ ដើម្បីបង្កើតរបាំងខែលការពារប្រទេស ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលប្រតិបត្តិការដោយក្រុមប្រដាប់អាវុធខុសច្បាប់...។

មែនទែនទៅ កូឡុំប៊ីបានជាប់ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងដែលកំពុងបន្តអស់រយៈពេល៦ទស្សវត្សរ៍មកហើយ ដែលបានធ្វើឱ្យមនុស្សជាង៤,៥សែននាក់ស្លាប់ ដែលចូលរួមដោយកងកម្លាំងយោធា ប៉ូលិស ទ័ពព្រៃឆ្វេងនិយម ក្រុមឧក្រិដ្ឋជនដែលបង្កើតឡើងដោយអតីតកងយោធាស្ដាំនិយម និងក្រុមជួញដូរគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា ៖«ប្រទេសកូឡុំប៊ីកំពុងចាប់ផ្តើមយុទ្ធសាស្ត្រដ៏ក្លាហាន និងច្នៃប្រឌិតបំផុតមួយសម្រាប់សន្តិសុខ និងខែលការពារជាតិរបស់យើង»។ លោក បានបន្ថែមថា រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីបានអនុម័តថវិកាចំនួន ជាង២៧១លានដុល្លារសម្រាប់ដំណាក់កាលដំបូងនៃគម្រោងនេះ។

គួររំឭកថា ចន្លោះឆ្នាំ២០២៤ និង២០២៥ ប្រទេសកូឡុំប៊ីបានកត់ត្រាការវាយប្រហារចំនួន២៦៤ករណី ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលផ្ទុកដោយគ្រឿងផ្ទុះ ដោយបានធ្វើឱ្យទាហាន១៥នាក់បានស្លាប់ និង១៥៣នាក់ផ្សេងទៀតរងរបួស។ គួរជម្រាបថា កាលពីខែវិច្ឆិកាឆ្នាំ២០២៥ កូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,១ពាន់លានអឺរ៉ូ ឬស្មើ ៣,៦ពាន់លានដុល្លារជាមួយក្រុមហ៊ុន Saab របស់ស៊ុយអែត ដើម្បីទិញយន្តហោះចម្បាំង Gripen ចំនួន១៧គ្រឿងក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត