សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តរឹងមាំដោយផ្អែកលើការគាំទ្រគ្នា
អុន សម្ផស្ស
4 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណា។ ជំនួបនោះ បានឆ្លុះបញ្ចាំងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម។

សម្តេច ម៉ែន សំអន បញ្ជាក់ថា ទោះក្នុងបរិបទតំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា តែភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ។ សម្តេចប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​ បន្ថែមថា ទំនាក់ទំនងដ៏រឹងមាំនេះ គឺផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបង្ហាញច្បាស់តាមរយៈ កត្តាប្រវត្តិសាស្ត្រ កត្តាសេដ្ឋកិច្ច និងកត្តាសង្គមវប្បធម៌។ សម្តេច បន្តថា កត្តាប្រវត្តិសាស្ត្រ គឺប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក រីឯ កត្តាសេដ្ឋកិច្ចវិញ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា-វៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ានៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាម៉េរិកនាអនាគត។ 

ចំពោះកត្តាសង្គមវប្បធម៌ សម្តេច ម៉ែន សំអន ទាញការចាប់អារម្មណ៍ថា ការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទ្វេភាគីដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត