វៀតណាមរៀបផែនការតភ្ជាប់ផ្លូវល្បឿនលឿនមកកម្ពុជា រុញល្បឿនសេដ្ឋកិច្ចភ្នំពេញ-ព្រៃនគរ
N
Nary Vann
13 កុម្ភៈ 2026 03:30 AM

រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម កំពុងបោះជំហានយ៉ាងលឿនក្នុងការប្រែក្លាយក្ដីស្រមៃនៃការធ្វើដំណើររវាងរាជធានីភ្នំពេញ និងទីក្រុងព្រៃនគរ ឬ(ហូជីមិញ) ឱ្យមកនៅត្រឹមតែមួយរំពេច តាមរយៈការស្នើឡើងនូវផែនការយុទ្ធសាស្ត្រចំនួន២ដំណាក់កាល ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿននៃប្រទេសទាំងពីរឱ្យក្លាយជាច្រករបៀងសេដ្ឋកិច្ចតែមួយគ្មានចន្លោះ។

យោងតាមការបញ្ជាក់ពីក្រសួងសំណង់វៀតណាម គម្រោងនេះនឹងភ្ជាប់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃរបស់ខ្លួន ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា ចំចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតរវាងប្រទេសជិតខាងទាំងពីរ។ ផែនការនេះ មិនត្រឹមតែជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតសរសៃឈាមសេដ្ឋកិច្ចថ្មីដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពរលូន កាត់បន្ថយពេលវេលាធ្វើដំណើរ និងជំរុញទំហំពាណិជ្ជកម្មឆ្លងដែន នៅតំបន់សេដ្ឋកិច្ចភាគខាងត្បូងឱ្យកាន់តែមានភាពរស់រវើក។

  ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
  ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ក្នុងដំណាក់កាលដំបូង វៀតណាមគ្រោងនឹងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅច្រកទ្វារព្រំដែន ដើម្បីធានាថា ផ្លូវល្បឿនលឿនរបស់ខ្លួនអាចដំណើរការ និងតភ្ជាប់ទៅកាន់កម្ពុជាបានភ្លាមៗ ក្រោយការសាងសង់រួចរាល់ ដែលជាដំណោះស្រាយបណ្តោះអាសន្នសម្រាប់សម្រួលការកកស្ទះ គយ និងចរាចរណ៍នាពេលបច្ចុប្បន្ន។ ឈានចូលដល់ដំណាក់កាលទីពីរ ការតភ្ជាប់ដោយផ្ទាល់នឹងត្រូវធ្វើឡើងនៅក្បែរបង្គោលព្រំដែនលេខ១៧០ ដែលនឹងអនុញ្ញាតឱ្យយានយន្តអាចបើកបរលើផ្លូវល្បឿនលឿនពីប្រទេសមួយទៅប្រទេសមួយទៀត យ៉ាងមានប្រសិទ្ធភាពបំផុត។

ចំណែកកម្ពុជា​ បានចាប់ផ្ដើមសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ តាំងពីឆ្នាំ២០២៣មកនោះ ភាគីវៀតណាមក៏កំពុងពន្លឿនគម្រោងហូជីមិញ-ម៉ុកបៃ ប្រវែង៥១គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់វិនិយោគជាង៧៥៥លានដុល្លារអាម៉េរិកផងដែរ ដើម្បីធានាថា គម្រោងយក្សទាំងពីរនេះ នឹងជួបគ្នា ហើយក្លាយជាកាតាលីករដ៏មានឥទ្ធិពល សម្រាប់ការរីកចម្រើននៃតំបន់ឥណ្ឌូចិននាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត