
រដ្ឋធានីហាណូយ៖ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្ដវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...។

ក្នុងដំណើរទស្សនកិច្ចនេះ លោក តូ ឡឹម ក៏នឹងចូលរួមសហប្រធានក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងដំណើរទស្សនកិច្ចនេះ គឺការធ្វើជាសហប្រធានក្នុងកិច្ចប្រជុំនៃមេដឹកនាំបក្សទាំងបី (កម្ពុជា វៀតណាម និងឡាវ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសជិតខាងទាំងបី ឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងបរិបទតំបន់បច្ចុប្បន្ន។

ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម បានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ បានវិវត្តទៅជាដៃគូសេដ្ឋកិច្ចយ៉ាងស្អិតល្មួត ដោយក្នុងឆ្នាំ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីបានសម្រេចដល់១១,៣៣ពាន់លានដុល្លារ ដែលជាការកើនឡើងជាង១១,៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជាដៃគូធំទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិក។ ក្រៅពីពាណិជ្ជកម្ម វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសវិនិយោគធំជាងគេទាំង៥នៅកម្ពុជាផងដែរ ជាមួយនឹងគម្រោងសកម្មចំនួន២២៩ ដែលមានទុនចុះបញ្ជីសរុបជិត៣ពាន់លានដុល្លារ។

ក្រៅពីវិស័យសេដ្ឋកិច្ច និងការវិនិយោគ ប្រទេសទាំងពីរនៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗជាច្រើនទៀត រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ ការអប់រំ ការដឹកជញ្ជូន វប្បធម៌ ទូរគមនាគមន៍ និងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នាពេលនេះ មិនត្រឹមតែជាការបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពនៅក្នុងអនុតំបន់មេគង្គផងដែរ៕



