
រដ្ឋធានីហ្សាការតា៖ សមាគមអ្នកលក់រាយបារីអេឡិចត្រូនិចឥណ្ឌូណេស៊ី (Arvindo) បានចេញវិធានការដាច់ខាតដោយបង្គាប់ឱ្យគ្រប់ហាងជាសមាជិកទាំងអស់ បញ្ឈប់ការលក់បារីអេឡិចត្រូនិច (E-cigarettes) ទៅកាន់អតិថិជនដែលមានអាយុក្រោម២១ឆ្នាំជាបន្ទាន់។

វិធានការនេះ តម្រូវឱ្យម្ចាស់ហាងត្រូវបិទស្លាកសញ្ញា «២១+» ឱ្យបានច្បាស់លាស់ និងត្រូវត្រួតពិនិត្យអត្តសញ្ញាណបណ្ណអតិថិជនឱ្យបានម៉ត់ចត់បំផុត មុននឹងធ្វើការលក់។ លោក ហ្វេចមី គូរនៀ (Fachmi Kurnia) ប្រធានសមាគម Arvindo បានបញ្ជាក់ថា ជំហរនេះគឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការប្រើប្រាស់បារីក្នុងចំណោមយុវជន ដែលកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ការរឹតបន្តឹងនេះ កើតឡើងចំពេលដែលប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងអត្រាអ្នកជក់បារីខ្ពស់ រហូតដល់ប្រមាណ៧០លាននាក់។ យោងតាមទិន្នន័យអង្កេតសកល អត្រានៃការជក់បារីក្នុងចំណោមសិស្សមានអាយុចន្លោះពី១៣ដល់១៥ឆ្នាំ កើនឡើងជាបន្តបន្ទាប់ពី១៨,៣ភាគរយក្នុងឆ្នាំ២០១៦ ដល់១៩,២ភាគរយក្នុងឆ្នាំ២០១៩ ធ្វើឱ្យបញ្ហានេះក្លាយជាវិបត្តិសុខភាពសាធារណៈដ៏ធំមួយ ដែលឥណ្ឌូណេស៊ីត្រូវដោះស្រាយឱ្យខាងតែបាន៕



