ឥណ្ឌូណេស៊ីត្រៀមទទួលនាវាផ្ទុកយន្តហោះដំបូងបង្អស់ពីអ៊ីតាលី ពង្រឹងសាច់ដុំកងទ័ពជើងទឹក
N
Nary Vann
18 កុម្ភៈ 2026 01:50 AM

រដ្ឋធានីហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី ជិតសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រយោធាថ្មីមួយ ដោយត្រៀមខ្លួនទទួលនាវាផ្ទុកយន្តហោះជាលើកដំបូងបំផុតរបស់ខ្លួនពីប្រទេសអ៊ីតាលី នៅឆ្នាំ២០២៦នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Antara នាវាផ្ទុកយន្តហោះដែលមានឈ្មោះថា Giuseppe Garibaldi នឹងត្រូវផ្ដល់ឱ្យឥណ្ឌូណេស៊ីជាអំណោយពីរដ្ឋាភិបាលអ៊ីតាលី តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី រីកូ រីខាដូ ស៊ីរ៉េត (Rico Ricardo Sirait) អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ថា ទោះបីជានាវានេះជាអំណោយឥតគិតថ្លៃក៏ដោយ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រៀមបញ្ចេញកញ្ចប់ថវិកាសម្រាប់ការជួសជុល កែលម្អ និងដំឡើងបរិក្ខារបន្ថែម ដើម្បីឱ្យស្របតាមតម្រូវការប្រតិបត្តិការជាក់ស្ដែងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី។ នាវា Giuseppe Garibaldi មានប្រវែង១៨០,២ម៉ែត្រ និងអាចរត់បានល្បឿនជិត៦០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាប្រភេទនាវាដែលអាចឱ្យយន្តហោះហោះឡើងក្នុងចម្ងាយខ្លី និងចុះចតបញ្ឈរបាន ព្រមទាំងមានសមត្ថភាពដឹកជញ្ជូនទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ។  

មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោកឧត្តមនាវីឯក មូហាម៉េដ អាលី (Muhammad Ali) បានបង្ហើបថា នាវាផ្ទុកយន្តហោះខ្នាតយក្សនេះ ត្រូវបានរំពឹងថានឹងទៅដល់ប្រទេសឥណ្ឌូណេស៊ីឱ្យបានមុនថ្ងៃទី៥ ខែតុលា ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាអបអរសាទរខួបនៃការបង្កើតកងទ័ពជាតិឥណ្ឌូណេស៊ី។ បច្ចុប្បន្ន នីតិវិធីរដ្ឋបាល និងការចរចាបច្ចេកទេសកំពុងបន្តធ្វើឡើងយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតនាវា Fincantieri របស់អ៊ីតាលី។ ការទទួលបាននាវាថ្មីនេះ នឹងធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាមហាអំណាចជើងទឹកកាន់តែរឹងមាំក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈនាវានេះបំពាក់ទៅដោយប្រព័ន្ធរ៉ាដាស្ទាក់ចាប់ និងអាវុធទំនើបៗជាច្រើនដូចជា មីស៊ីលការពារដែនអាកាស និងគ្រាប់តូពីដូជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត