អ៊ីរ៉ង់កំហិតឱ្យនាវាមួយគ្រឿងបង់២លានដុល្លារ បើចង់ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ អ៊ីរ៉ង់កំណត់យកតម្លៃ២លានដុល្លារក្នុងនាវាមួយគ្រឿង ប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ក្នុងគោលបំណងត្រួតត្រាលើសរសៃឈាមយុទ្ធសាស្ត្រដឹកជញ្ជូនសកលមួយនេះ ខណៈរដ្ឋធានីតេហេរ៉ង ក៏បានបញ្ជាក់ផងដែរថា ចំណាត់ការនេះមិនមែនសម្រាប់គ្រប់នាវាទេ នេះមានន័យថា ទាល់តែអ៊ីរ៉ង់អនុញ្ញាតទើបអាចឆ្លងកាត់បាន...។

យោងតាមសារព័ត៌មាន Iran International លោក អាឡេឌីន បូរូជឺឌី (Alaeddin Boroujerdi) សមាជិកសភាកំពូលនៃគណៈកម្មាធិការសន្តិសុខជាតិអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ការប្រមូលកម្រៃនេះ គឺជាការចាប់ផ្តើមនៃយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រ។ លោកក៏បានលើកឡើងថា៖«ការប្រមូលប្រាក់ ២លានដុល្លារជាថ្លៃឆ្លងកាត់ ពីនាវាមួយចំនួនដែលឆ្លងកាត់ច្រកសមុទ្ទនេះ គឺឆ្លុះបញ្ចាំងពីអំណាចរបស់អ៊ីរ៉ង់។ ដោយសារតែវិបត្តិសង្គ្រាម ដូច្នេះ ជាធម្មតា យើងត្រូវតែធ្វើបែបនេះ ហើយយកកម្រៃឆ្លងកាត់ពីនាវាដែលប្រើប្រាស់ច្រកសមុទ្ទហ័រមូស្ស»។

លោក អាឡេឌីន បូរូជឺឌី
លោក អាឡេឌីន បូរូជឺឌី

មែនទែនទៅ ការអត្ថាធិប្បាយរបស់មន្ត្រីអ៊ីរ៉ង់រូបនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាម៉េរិកនឹងវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្ទនេះមិនត្រូវបានបើកឡើងវិញទាំងស្រុងក្នុងរយៈពេល៤៨ម៉ោង។ លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ថា៖«ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្ទហ័រមូស្សឱ្យពេញលេញ ក្នុងរយៈពេល ៤៨ម៉ោងទេ..សហរដ្ឋអាម៉េរិកនឹងវាយប្រហារបំផ្លាញរោងចក្រអគ្គិសនីនានារបស់ពួកគេ ដោយចាប់ផ្តើមពីរោងចក្រធំបំផុតមុនគេ!»។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស៍គៀន (Masoud Pezeshkian) បានបញ្ជាក់ពីគោលនយោបាយរបស់ខ្លួននៅលើបណ្តាញសង្គម X ថា៖«ច្រកសមុទ្ទហ័រមូស្ស បើកចំហសម្រាប់អ្នករាល់គ្នា លើកលែងតែអ្នកដែលរំលោភលើទឹកដីរបស់យើង»។ រដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមមាន៖ ចិន, ឥណ្ឌា, ប៉ាគីស្ថាន, ម៉ាឡេស៊ី និងអ៊ីរ៉ាក់ កំពុងស្ថិតក្នុងកិច្ចចរចាជាមួយរដ្ឋធានីតេហេរ៉ង់ អំពីការឆ្លងកាត់នាវា ខណៈកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ កំពុងរៀបចំប្រព័ន្ធចុះបញ្ជីនាវា ដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព។

លោក ម៉ាស៊ូដ ប៉េហ្សេស៍គៀន
លោក ម៉ាស៊ូដ ប៉េហ្សេស៍គៀន

ជាធម្មតា ច្រកសមុទ្ទហ័រមូស្ស គឺជាផ្លូវដឹកជញ្ជូនប្រេងប្រហែល២០លានបារ៉ែលក្នុងមួយថ្ងៃ និងប្រហែល២០ភាគរយនៃពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវសកល។ ការបិទច្រកនេះបានធ្វើឱ្យតម្លៃដឹកជញ្ជូន និងធានារ៉ាប់រងហក់ឡើងខ្ពស់ ជំរុញឱ្យតម្លៃប្រេងកើនឡើង និងបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕

ច្រកសមុទ្ទហ័រមូស្ស 
ច្រកសមុទ្ទហ័រមូស្ស 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត