
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ហើយបានប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលពេញពិភពលោក គឺលោក «បញ្ជាឱ្យផ្អាកការវាយប្រហារ»លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ រយៈពេល៥ថ្ងៃ។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមបបណ្តាញសង្គម Truth Social ថា លោកបានបង្គាប់ឱ្យក្រសួងសង្គ្រាម ពន្យារពេលរាល់ការវាយប្រហារយោធាលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ បានឈានដល់ការពិភាក្សាល្អ និងប្រកបដោយផ្លែផ្កា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់អរិភាពទាំងស្រុងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានបដិសេធចំពោះកិច្ចចរចានេះក៏ដោយ ក៏លោក ត្រាំ បានប្រាប់បណ្តាញព័ត៌មាន Fox Business ថា បេសកជនសន្តិភាព គឺលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្នឺ (Jared Kushner) បានជជែកជាមួយភាគីអ៊ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យទី២២ ខែមីនា (ម៉ោងនៅអាម៉េរិក)។ សូមជម្រាបថា ដំណឹងនៃការផ្អាកការវាយប្រហារនេះ បានធ្វើឱ្យទីផ្សារប្រេងឆៅពិភពលោកថយចុះភ្លាមៗ ខណៈភាពតានតឹងហាក់មានការរថមថយបន្តិច។

មុនមានសេចក្តីប្រកាសនេះ អ៊ីរ៉ង់បានគំរាមវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ បើសិនជាអាម៉េរិកវាយប្រហារលើបណ្តាញថាមពលរបស់ខ្លួន។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានទទួលស្គាល់ថា ពិតជាមានកិច្ចពិភាក្សាតាមទូរសព្ទជាមួយសមភាគីតួកគី ដែលជាប្រទេសកណ្តាលក្នុងការសម្របសម្រួលរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់៕


