ពីឡុត២នាក់ស្លា.ប់ និងមនុស្សរាប់សិបនាក់របួស ក្រោយយន្តហោះ Air Canada បុកជាមួយរថយន្តពន្លត់អគ្គិភ័យ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ឧប្បត្តិហេតុដ៏រន្ធត់មួយបានកើតឡើងនៅព្រលានយន្តហោះ La Guardia កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាម៉េរិក) បណ្ដាលឱ្យពីឡុត និងជំនួយការពីឡុតនៃយន្តហោះ Air Canada Express បាត់បង់ជីវិត ក្រោយយន្តហោះបានបុកជាមួយរថយន្តពន្លត់អគ្គិភ័យក្នុងល្បឿនលឿន ខណៈកំពុងចុះចត...។

យោងតាមការចុះផ្សាយរបស់ NBC News ក្រៅពីអ្នកស្លាប់ទាំង២នាក់ ក៏មានមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសផងដែរ។ រថយន្តពន្លត់អគ្គិភ័យដែលរងការបុកនោះ ត្រូវបានបញ្ជាដោយមន្ត្រីប៉ូលិស ដែលកំពុងធ្វើអន្តរាគមន៍ក្នុងករណីផ្សេងមួយទៀតនៅលើផ្លូវរត់លេខ៤។ របាយការណ៍បឋមបញ្ជាក់ថា មន្ត្រីប៉ូលិស២រូបបានបាក់ដៃជើង និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យន្តហោះប្រភេទ CRJ-900 ប្រតិបត្តិការដោយក្រុមហ៊ុន Jazz Aviation បានដឹកអ្នកដំណើរ៧២នាក់ និងក្រុមនាវិក៤នាក់ មកពីទីក្រុងម៉ុងរ៉េអ៊ាល់។ យោងតាមទិន្នន័យពី Flightradar24 យន្តហោះបានបុកជាមួយរថយន្តក្នុងល្បឿនប្រហែល៣៩គីឡូម៉ែត្រក្នុងមួយម៉ោង នៅវេលាម៉ោង១១:៣៧យប់(ម៉ោងក្នុងតំបន់)។ រូបភាពនៅកន្លែងកើតហេតុបង្ហាញថា ច្រមុះយន្តហោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានសម្រេចបន្តបិទព្រលានយន្តហោះ La Guardia រហូតដល់ម៉ោង២រសៀលថ្ងៃចន្ទ (ម៉ោងនៅញូវយ៉ក) ដើម្បីធ្វើការស៊ើបអង្កេត។ ជើងហោះហើរយ៉ាងហោចណាស់១៨ ត្រូវបានបង្វែរទិសដៅ ឬត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើមវិញ ដែលបង្កឱ្យមានភាពវឹកវរដល់អ្នកដំណើររាប់ម៉ឺននាក់ ក្នុងចំណោមអ្នកដំណើរជាង៣០លាននាក់ ដែលប្រើប្រាស់ព្រលានយន្តហោះនេះជារៀងរាល់ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត