ពូទីនបញ្ជាក់៖ រុស្ស៊ីនៅតែ«ជាមិត្តស្មោះត្រង់»របស់អ៊ីរ៉ង់ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាឆេះរាលពេញតំបន់
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (Nowruz) ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេណី និងប្រធានាធិបតី លោក ម៉ាស៊ូដ ភើហ្សេសគៀន ដោយបានសង្កត់ធ្ងន់ថា រដ្ឋធានីមូស្គូនៅតែជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបាន របស់រដ្ឋធានីតេហេរ៉ង់។

  លោក វ្ល៉ាឌីមៀ ពូទីន និងលោក ម៉ាស៊ូដ ភើហ្សេសគៀន
  លោក វ្ល៉ាឌីមៀ ពូទីន និងលោក ម៉ាស៊ូដ ភើហ្សេសគៀន

វិមានក្រឹមឡាំងបានស្រង់សម្តីលោក ពូទីន ថា៖«លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជូនពរឱ្យប្រជាជនអ៊ីរ៉ង់ ជម្នះរាល់ការសាកល្បងដ៏លំបាកនេះដោយសេចក្តីថ្លៃថ្នូរ ហើយបានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ មូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានរបស់រដ្ឋធានីតេហេរ៉ង់»។ រុស្ស៊ី ក៏បានរិះគន់យ៉ាងខ្លាំងផងដែរថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល កំពុងរុញច្រានមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលក្នុងជ្រោះមហន្តរាយ និងបានបង្កជាវិបត្តិថាមពលសកល។

យ៉ាងណាមិញ កម្រិតនៃជំនួយជាក់ស្តែងរបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ប្រភពពីអ៊ីរ៉ង់មួយចំនួនបានបង្ហើបថា ពួកគេទទួលបានជំនួយតិចតួចបំផុតពីរុស្ស៊ី ក្នុងវិបត្តិដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក។ លើសពីនេះ កាសែត Politico បានចុះផ្សាយថា រុស្ស៊ីថែមទាំងបានស្នើដោះដូរជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដោយសុខចិត្តឈប់ចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ ជាការដោះដូរនឹងការដែលសហរដ្ឋអាម៉េរិក ឈប់ផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនវិញ ប៉ុន្តែសំណើនេះ ត្រូវបានសហរដ្ឋអាម៉េរិកបដិសេធ។

អ្នកវិភាគមើលឃើញថា រុស្ស៊ីកំពុងទទួលបានផលចំណេញពីការហក់ឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្គ្រាមនេះ។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ មិនមានចែងអំពីការការពារគ្នាទៅវិញទៅមកដោយកម្លាំងយោធានោះទេ ហើយរុស្ស៊ីក៏ធ្លាប់បានបញ្ជាក់ដដែលៗថា ខ្លួនមិនចង់ឱ្យអ៊ីរ៉ង់ផលិតគ្រាប់បែកអាតូមិកដែរ ព្រោះវាអាចបង្កឱ្យមានការប្រណាំងអាវុធនុយក្លេអ៊ែរទូទាំងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត