
រដ្ឋធានីតេហេរ៉ង់៖ នៅថ្ងៃទី២២ ខែមីនា អ៊ីរ៉ង់ បានចេញសារព្រមានជាបន្ទាន់ថា នឹងវាយប្រហារលើប្រព័ន្ធថាមពល និងប្រព័ន្ធទឹកស្អាតរបស់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្ទ ដើម្បីសងសឹក ប្រសិនបើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អនុវត្តតាមការគំរាមកំហែងដែលទុកពេលឱ្យខ្លួន៤៨ម៉ោង មុននឹងវាយប្រហារលើបណ្តាញអគ្គិសនីអ៊ីរ៉ង់។

អ្នកនាំពាក្យយោធាអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម ហ្សុលហ្វាការី (Ebrahim Zolfaqari) បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រងការវាយប្រហារ នោះរាល់ប្រព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មាន និងរោងចក្រចម្រោះទឹកសមុទ្ទទាំងអស់របស់អាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ នឹងក្លាយជាគោលដៅវាយប្រហារភ្លាមៗ»។ ការគំរាមកំហែងនេះ បានបង្កជាក្ដីបារម្ភកម្រិតខ្ពស់បំផុត ព្រោះប្រទេសក្នុងតំបន់ឈូងសមុទ្ទដូចជា បារ៉ែន កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ពឹងផ្អែកស្ទើរតែ១០០ភាគរយ លើរោងចក្រចម្រោះទឹកសមុទ្ទដើម្បីរស់រានមានជីវិត។ ប្រសិនបើរោងចក្រទាំងនេះត្រូវខ្ទេចខ្ទី វានឹងក្លាយជាមហន្តរាយមនុស្សធម៌ដែលមិនអាចស្តារឡើងវិញបាន។

បន្ថែមលើនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ថា ច្រកសមុទ្ទហ័រមូស្សនឹងត្រូវបិទជារៀងរហូត ទាល់តែរោងចក្រថាមពលអ៊ីរ៉ង់ដែលរងការខូចខាត ត្រូវបានសាងសង់ឡើងវិញរួចរាល់។ សង្គ្រាមដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក បានសម្លាប់មនុស្សលើសពី២០០០នាក់រួចមកហើយ ខណៈការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកនៅតែបន្តកើតមាន៕





