ចៅហ្វាយខេត្តតាកែវ បញ្ជាឱ្យលុបបំបាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ
អុន សម្ផស្ស
8 ម៉ោងមុន

ក្រុងដូនកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅថ្ងៃទី២៣មីនានេះ បានក្រើនរំឭក និងដាក់បទបញ្ជាជាថ្មី ដល់មន្ត្រីជំនាញពាក់ព័ន្ធបោសសម្អាត លុបបំបាត់ឱ្យអស់នូវរាល់បទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋអនាធិបតេយ្យ…។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លោក វ៉ី សំណាង បានដាក់ចេញនូវវិធានការមួយចំនួនដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដីធ្លី និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ ឱ្យកាន់តែមានសោភ័ណភាព។ អភិបាលក្រុង-ស្រុក ទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។  លោកសង្កត់ធ្ងន់ថា៖«ត្រូវលុបបំបាត់ឱ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលជាមូលហេតុបង្កឱ្យស្ទះចរន្តទឹកហូរ និងនាំឱ្យមានការជន់លិចលំនៅឋាន ឬដីស្រែចម្ការរបស់ពលរដ្ឋ»។

ក្រៅពីបញ្ហាដីធ្លី លោកអភិបាលបានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុខដុមរមនាក្នុងសហគមន៍។ ដោយឡែក ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង លោក វ៉ី សំណាង ជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងដូនកែវ សហការគ្នាស្វែងរកដំណោះស្រាយ និងសិក្សាលើការរៀបចំប្លង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ លោកបញ្ជាក់ថា ការកែលម្អនេះមិនត្រឹមតែដើម្បីសម្រស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត ក្នុងខេត្តតាកែវកាន់តែច្រើនឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត