ត្រីនិមិត្តរូបមច្ឆជាតិកម្ពុជា និងប្រភេទត្រីជិតផុតពូជលើផែនដី ត្រូវបានលែងចូលតំបន់អភិរក្ស
S
Sreyleak Yith
9 ម៉ោងមុន


ក្រុងពោធិ៍សាត់៖ រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានលែងប្រភេទត្រីកម្រ និងជិតផុតពូជចំនួន២ក្បាលមានដូចជា ត្រីគល់រាំង និងត្រីរាជ ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់។ នេះបើយោងតាមការឱ្យដឹងពីអង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី២៣មីនា..។

ត្រីរាជ
ត្រីរាជ

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ គូសបញ្ជាក់ថា ត្រីគល់រាំងមានទម្ងន់៨គីឡូក្រាម ប្រវែងដងខ្លួន៧៣សង់ទីម៉ែត្រ ទទួលបានពីប្រជានេសាទឈ្មោះ អ៊ុក នី រស់នៅភូមិទី២ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែក ត្រីរាជ មានទម្ងន់៤០គីឡូក្រាម ប្រវែងដងខ្លួន១៦៣សង់ទីម៉ែត្រ ត្រូវបានប្រគល់ពីប្រជានេសាទ ឈ្មោះ ហោ ហៀង រស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អង្គការដដែលបន្ថែមថា នេះជាលើកទី៣ហើយ សម្រាប់ក្នុងឆ្នាំ២០២៦ ដែលប្រជានេសាទបានប្រគល់ត្រីប្រភេទជិតផុតពូជ សរុបទាំងអស់ចំនួន៥ក្បាល រួមមាន៖ ត្រីគល់រាំងចំនួន២ក្បាល និងត្រីរាជចំនួន៣ក្បាល។

ត្រីគល់រាំង
ត្រីគល់រាំង

សូមជម្រាបថា ត្រីគល់រាំង មានឈ្មោះផ្សេងទៀតជា ត្រីកាហោ ឬត្រីក្បាលឡាន ហើយវាស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិហៅកាត់ IUCN។ ត្រីនេះត្រូវបានចុះបញ្ជីក្នុងឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស(CITES) ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ហើយត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) គង់នៅមកម្ល៉េះ ពោលគឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦។

រូបភាពឯកសារ(ត្រីគល់រាំង)
រូបភាពឯកសារ(ត្រីគល់រាំង)

រីឯ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញ-លក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមដែរ តាមរយៈក្រមនេសាទមួយនៅឆ្នាំ១៩៥៦ និងតាមរយៈអនុក្រឹត្យនៅឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា(ទឹកសាប)។ មួយវិញទៀត ត្រីរាជ ក៏ស្ថិតក្នុងបញ្ជីក្រហមដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ។ លើសពីនេះ ត្រីរាជ ត្រូវបានចុះបញ្ជីក្នុងឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស ហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕

ត្រីរាជ
ត្រីរាជ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត