រួសរាន់ឡើង អ្នកចង់ទិញមាសទុកលក់យកចំណេញ ពេលនេះហាងឆេងមាសដាំក្បាលចុះដូចទឹកបាក់ទំនប់
S
Soriya Sou
23 មីនា 2026 04:30 PM

រាជធានីភ្នំពេញ៖ តម្លៃហាងឆេងមាសអន្តរជាតិ បានដាំក្បាលចុះខ្លាំងមកដល់ជាង៤៣៧០ដុល្លារក្នុង១អោន ឬជាង៥២៧០ដុល្លារក្នុង១តម្លឹងមាស គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦…។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ផ្ដល់បទសម្ភាសប្រាប់អង្គភាពសារព័ត៌មាន SBM News កាលពីរសៀលថ្ងៃទី២៣មីនា ថា តាមការវិភាគរបស់លោក តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិនឹងមានការធ្លាក់ចុះបន្ថែមទៀត អាចដល់តម្លៃ៤០០០ដុល្លារក្នុង១អោន។ តើមូលហេតុអ្វីខ្លះ ធ្វើឱ្យហាងឆេងមាសធ្លាក់ចុះយ៉ាងគំហុកបែបនេះ? លោក ឡុង សំណាង បានអះអាងពីកត្តាជាច្រើន រួមមាន៖ «ពាក់ព័ន្ធនឹងប្រាក់ដុល្លារតែម្ដង ដែលបច្ចុប្បន្នសន្ទុះប្រាក់ដុល្លារគឺថ្លៃ! ហើយកត្តាដែលធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ក៏ដោយសារតែការកើនឡើងតម្លៃប្រេង។ មូលហេតុសំខាន់មួយទៀតដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះ គឹសង្រ្គាមនៅមជ្ឈិមបូព៌ា។ ពេលមានសង្រ្គាមគេតែងនិយាយថា វានឹងធ្វើឱ្យហាងឆេងមាសមានការកើនឡើង ប៉ុន្តែខុសស្រឡះ ព្រោះសង្រ្គាមមជ្ឈិមបូព៌ា គឺបង្កឡើងដោយសហរដ្ឋអាម៉េរិក ដើម្បីកេងប្រយោជន៍ចូលអាម៉េរិក ទើបធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ រុញច្រានតម្លៃមាសឱ្យធ្លាក់ចុះវិញ»។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 
លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 

បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្ទហ័រមូហ្សឱ្យមានការដឹកជញ្ជូនប្រេងឡើងវិញ តាមការស្នើរបស់សហរដ្ឋអាម៉េរិក សង្រ្គាមនឹងកើតឡើងម្ដងទៀត ហើយនឹងធ្វើឱ្យតម្លៃមាសបន្តធ្លាក់ចុះទៀតដែរ។ លោក ឡុង សំណាង បានវិភាគថា ឆាប់ៗនេះ តម្លៃហាងឆេងមាសអន្តរជាតិ អាចនឹងធ្លាក់ដល់៤០០០ដុល្លារ ឬ៣៨៨៦ដុល្លារក្នុង១អោន ស្មើនឹង៤៨១៩ដុល្លារក្នុង១តម្លឹង។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៦នេះ មាសអាចនឹងងើបឡើងវិញនៅចន្លោះខែឧសភា ឬមិថុនាខាងមុខ។ លោក ឡុង សំណាង បញ្ជាក់បន្ថែម។

តើនរណាខ្លះគួរទិញមាស ហើយនរណាខ្លះគួរលក់មាស ស្របពេលតម្លៃហាងឆេងមាសកំពុងធ្លាក់ចុះពេលនេះ? លោក ឡុង សំណាង លើកជាយោបល់ថា សម្រាប់អ្នកចង់ទិញមាសក្នុងកំលុងពេលនេះ សូមប្រើដើមទុនត្រឹមទិញមាស៣០ភាគរយសិនបានហើយ ទុកទុនខ្លះទិញបន្ថែមនៅពេលមាសបន្តធ្លាក់ចុះទៀតនៅពេលខាងមុខ។ ដោយឡែក សម្រាប់អ្នកដែលចង់លក់មាសវិញ បើគ្មានការចាំបាច់អាចទុកសិន រង់ចាំមាសឡើងថ្លៃវិញ ចាំលក់ក៏មិនយឺតពេលដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត